ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទួលស្គាល់ថា ទាហានអ៊ុយក្រែន បានចូលរួមនៅក្នុងការប្រយុទ្ធដ៏ខ្លាំងក្លាជាមួយកងកម្លាំងរុស្ស៊ី ដែលកំពុងព្យាយាមដណ្តើមយកទឹកដីមកវិញ នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។

លោក Zelenskiy បានបង្ហោះការអត្ថាធិប្បាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ អំពីការវាយលុកឆ្លងព្រំដែនរបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែសីហា។
លោកបានសរសេរថា រុស្ស៊ី បានព្យាយាមបំបែកការការពាររបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk រយៈពេល ៥ថ្ងៃមកហើយ និងបាននិយាយថា ទាហានរបស់យើង កំពុងប្រយុទ្ធនិងប្រឆាំងការវាយបក។
រដ្ឋអាជ្ញាកំពូលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី ត្រូវបានគេសង្ស័យថាបានបាញ់សម្លាប់ឈ្លើយសឹកសង្គ្រាមជនជាតិអ៊ុយក្រែន៩នាក់នៅក្នុងតំបន់ Kursk ។
វិទ្យាស្ថានសិក្សាពីសង្គ្រាម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា កាលពីថ្មីៗនេះ វិទ្យាស្ថានបានសង្កេតឃើញការកើនឡើងកងកម្លាំងរុស្ស៊ី បានប្រហារជីវិតឈ្លើសឹកសង្គ្រាមជនជាតិអ៊ុយក្រែន។ ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពបានរឹបអូសយកទីតាំងលំនៅមួយកន្លែងនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង។ ជាក់ស្តែង កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយលុករបស់ពួកគេ នៅក្នុងតំបន់នានានៅខាងក្រៅសមរភូមិសំខាន់ៗរបស់ពួកគេ ក្នុងតំបន់ Donetsk ភាគខាងកើត។
