បេសកកម្មនៅលីបង់របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានដាក់ពាក្យបណ្តឹងចំនួនពីរ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងអ៊ីស្រាអែល ទាក់ទងនឹងការវាយប្រហារដដែលៗ លើទីតាំងកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) និងផលប៉ះពាល់នៃសកម្មភាពរបស់យោធាអ៊ីស្រាអែល លើវិស័យអប់រំនៅប្រទេសលីបង់។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិប្រទេសលីបង់ បានឲ្យដឹងថា ពាក្យបណ្តឹងទី១ បានចាត់ទុកសំណើរបស់អ៊ីស្រាអែលសម្រាប់កងកម្លាំងរក្សាសន្តិភាពឲ្យជម្លៀសចេញពីទីតាំងរបស់ពួកគេ ថាជារឿង «ខុសច្បាប់»។ ប្រទេសលីបង់ បានបញ្ជាក់ថា «ការវាយប្រហាររបស់អ៊ីស្រាអែល លើកងកម្លាំងរក្សាសន្តិភាព(UNIFIL) គឺជាគំរូដ៏គ្រោះថ្នាក់ និងជាការរំលោភលើច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ លេខ១៧០១»។
នៅក្នុងពាក្យបណ្តឹងនោះ ប្រទេសលីបង់ បានទាមទារឱ្យមាន «ជំហររឹងមាំ និងតឹងរឹង» ប្រឆាំងការវាយប្រហារទាំងនេះ ដោយបញ្ជាក់ថា «តម្រូវការចាំបាច់ត្រូវឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះការបំពានទាំងនេះ និងការពារពីការកើតឡើងដដែលៗ ដើម្បីបញ្ចៀសការស្លាប់និងរងរបួសក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងដើម្បីធានាបានពីសមត្ថភាពរបស់កងកម្លាំង UNIFIL ក្នុងការបន្តបំពេញកាតព្វកិច្ចដែលមានចែងក្នុងអាណត្តិរបស់ខ្លួន»។
បេសកជនលីបង់ប្រចាំអង្គការសហប្រជាជាតិ ក៏បានដាក់ពាក្យបណ្តឹងទីពីរ ទាក់ទងនឹងផលប៉ះពាល់នៃការវាយលុករបស់អ៊ីស្រាអែល ទៅលើវិស័យអប់រំ នៅក្នុងប្រទេសលីបង់។ នៅក្នុងពាក្យបណ្តឹងនោះ ប្រទេសលីបង់ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ និងដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ «ការឈ្លានពាន» របស់អ៊ីស្រាអែលដែលកំពុងបន្តនៅលើទឹកដីលីបង់ ដែលខ្លួនបាននិយាយថាបានធ្វើឲ្យបាត់បង់សិទ្ធិជាមូលដ្ឋានរបស់សិស្សក្នុងការអប់រំ ជិត ១,៤ លាន នាក់។