សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវយ៉ាងទទូចដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ត្រូវរួមគ្នាជាធ្លុងមួយដើម្បីបន្តថែរក្សាការពារសុខ សន្តិភាព ដែលថ្នាក់ដឹកនាំជំនាន់មុនរកបានមកដោយលំបាក ហើយត្រូវទប់ស្កាត់ឱ្យខាងតែបានចំពោះជន ជ្រុលនិយមណា ដែលមានចេតនាចង់បំផ្លិចបំផ្លាញសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៃខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូច លេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ជា ថ្មីថា សន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ជំរុញការរីកចម្រើនរបស់ប្រជាជាតិមួយ ហើយកងទ័ព គឺ ជាតួអង្គដ៏សំខាន់បំផុតក្នុងការថែរក្សាទឹក ដី និងថែរក្សាការពារនូវសុខសន្តិភាពនេះ ។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋនៃកម្ពុជាក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា មហិច្ឆតា ធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ គឺប្តេជ្ញាការពារឲ្យបានដាច់ខាតនៃការប៉ុនប៉ងណាមួយ ដែលបង្កើតភ្លើងសង្រ្គាម ដែលនាំឲ្យប្រទេសជាតិមានខ្ទេចខ្ទាំ។ យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានរួមសហការគ្នាទប់ស្កាត់បានទាន់ពេលវេលាចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលមានចេតនាបះបោរចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្នុងថ្ងៃទី ១៨សីហា កន្លងទៅនេះក្រោមការញុះញង់អុចអាលរបស់ពួកអគតិមួយក្តាប់តូចនៅក្រៅស្រុកផងដែរ ៕អត្ថបទ៖ បាន ចក់


