ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង ២២០ នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានដាក់បទបញ្ជាដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិ ឱ្យតាមដានលើសភាពការណ៍នៅប្រទេសលីបង់ ក៏ដូចជាអ៊ីស្រាអែលឱ្យបានជាប់ជាប្រចាំ បើនៅដំណាក់កាលដែលចាំបាច់ត្រូវជម្លៀសចេញទាំងកងកម្លាំង និងប្រជាពលរដ្ឋរបស់កម្ពុជាចេញ ដោយត្រូវគិតគូរលើអាយុជីវិតជាគោលសំខាន់។ ចំណែកសម្ភារៈទ្រព្យសម្បត្តិបើត្រូវកម្ចេចចោល គឺកម្ទេចចោលតែម្ដង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ទាំងខាងស៊ីវិល និងកងទ័ពដែលកំពុងបំពេញបេសកកម្ម និងសិក្សានៅក្រៅប្រទេស គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដូច្នេះសម្ដេចធិបតីបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស និងសាច់ញាតិដែលនៅក្នុងប្រទេសសូមមានភាពកក់ក្ដៅ កុំមានការព្រួយបារម្ភ ពីព្រោះរាជរដ្ឋាភិបាលបានតាមដានជាប់ជាប្រចាំ និងត្រៀមលក្ខណៈគ្រប់បែបយ៉ាងលើការងារនេះ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់ចប្ចុប្បន្ន កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជិត ១ម៉ឺននាក់ ទៅចូលរួមរក្សាសន្ដិភាពនៅក្នុងប្រទេសចំនួន ១០ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ខណៈសម្ដេចធិបតី ក៏បានសម្រេចកែសម្រួលប្រគល់ឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្វើជាប្រធានគណៈកម្មការជាតិបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា







