សៀមរាប ៖ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា រួមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យតាមការដ្ឋានប្រាសាទបុរាណមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។
លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាពនិងភាពរឹងមាំរបស់ប្រាសាទយើង។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទឱ្យមានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និងបូរណភាពរបស់អង្គរ។
សូមជម្រាបថា លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យមើលការងារមួយចំនួននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី និងប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត៕



