សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើការណែនាំដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវធ្វើការតាមដាន និងទាក់ទងជាប់ជាប្រចាំថ្ងៃចំពោះកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ ជាពិសេសគឺប្រទេសដែលកំពុងមានសង្រ្គាមនាពេលនេះតែម្តង។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ - ១៥ តុលា ឆ្នាំ ២០២៤)នេះ សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយ មាសបួន ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចតែងតែធ្វើការទាក់ទងជាប្រចាំជាមួយកង ទ័ពមួកខៀវរបស់កម្ពុជា ដែលកំពុងឈរជើងនៅក្រៅប្រទេស ជាពិសេសគឺនៅប្រទេសលីបង់តែម្តង ដើម្បីចង់ដឹងអំពីស្ថានការណ៍ ជាក់ស្តែងនៅទីនោះ ខណៈសង្រ្គាមនៅប្រទេសនេះ បានកំពុងផ្ទុះឡើងជារៀងរាល់ថ្ងៃនោះ។
ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កងទ័ពមួកខៀវកម្ពុជា ដែលកំពុងប្រតិបត្តិការនៅ ក្រៅប្រទេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតដល់ប្រមុខការពារជាតិកម្ពុជាត្រូវ តែតាមដានស្ថានការណ៍ឲ្យជាប់ជាប្រចាំចំពោះសង្រ្គាមនៅប្រទេសមួយចំនួន ដែលមានកងទ័ពមួកខៀវ របស់កម្ពុជាដែលកំពុងបេសកកម្មនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជាក៏បានប្រកាសដោយ សម្រេចកែសម្រួលសមាសភាពរបស់គណៈកម្មាធិការជាតិបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឲ្យមកក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំវិញផងដែរ៕អត្ថបទបាន ចក់