ក្រុមមេធាវីរបស់លោក Donald Trump កាលពីថ្ងៃចន្ទ (១៤ តុលា) បានជំរុញសាលាឧទ្ធរណ៍ឱ្យផ្ទេរសំណុំរឿងដែលត្រូវបានកាត់ទោសរួចហើយរបស់លោក ទៅតុលាការសហព័ន្ធ ចំពោះបណ្ដឹងប្រាក់បំបិទមាត់នៅក្នុងតុលាការរដ្ឋញូវយ៉ក លើបទចោទពាក់ព័ន្ធនឹងការបិទបាំងការបង់ប្រាក់ឱ្យតារាអាសអាភាសម្នាក់ ដែលជាជំហានមួយអាចនឹងផ្តល់ឱ្យលោក Trump នូវលទ្ធភាពបញ្ចប់ការកាត់ទោស ប្រសិនបើលោកឈ្នះតំណែងប្រធានាធិបតីអាមេរិកឡើងវិញ។

ក្រុមមេធាវីរបស់អតីតប្រធានាធិបតីរូបនេះ បានបន្តដាក់សំណើទៅតុលាការឧទ្ធរណ៍ប្រចាំតំបន់ទី២ របស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅទីក្រុង Manhattan ដោយប្តឹងឧទ្ធរណ៍ទៅលើសេចក្តីសម្រេចរបស់ចៅក្រមតំបន់កាលពីថ្ងៃទី០៣ ខែកញ្ញា ដែលបានបដិសេធការផ្ទេរសំណុំរឿងទៅតុលាការសហព័ន្ធ។ គួរបញ្ជាក់ថា លោក Trump ត្រូវបានកាត់ទោសកាលពីខែឧសភា ពីបទព្រហ្មទណ្ឌចំនួន ៣៤ករណី ពីការក្លែងបន្លំឯកសារ។

នៅក្នុងឯកសារនោះ មេធាវីលោក Trump បានលើកឡើងពីសេចក្តីសម្រេចកាលពីថ្ងៃទី០១ កក្កដា របស់តុលាការកំពូលអាមេរិក ដែលថាអតីតប្រធានាធិបតីមិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពផ្លូវការដែលបានធ្វើឡើងនៅក្នុងមុខតំណែងទេ។
លោក Trump គឺជាបេក្ខជនបក្សសាធារណរដ្ឋ ប្រឈមមុខនឹងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ ប្រសិនបើលោកឈ្នះឆ្នោត លោកអាចស្វះស្វែងរកការលើកលែងទោសដល់ខ្លួនឯងចំពោះបទព្រហ្មទណ្ឌសហព័ន្ធណាមួយ ឬឱ្យថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ថ្មីរបស់លោក ច្រានចោលសំណុំរឿងព្រហ្មទណ្ឌណាមួយប្រឆាំងនឹងខ្លួននៅក្នុងតុលាការសហព័ន្ធ។ ចំណែកឯការចោទប្រកាន់ព្រហ្មទណ្ឌតាមរដ្ឋគឺហួសពីលទ្ធភាពនៃអាជ្ញាធរលើកលែងទោសប្រធានាធិបតី ឬសកម្មភាពរបស់ក្រសួងយុត្តិធម៌៕