អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារ (១៥ តុលា) នេះ បានសម្ដែងក្ដីបារម្ភរបស់ខ្លួនពីកំណើនសកម្មភាពយន្តហោះចម្បាំងរបស់ចិន នៅជុំវិញកោះនេះក្នុងអំឡុងពេលហ្គេមសង្គ្រាមកាលពីថ្ងៃចន្ទ ដោយនិយាយថាខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ១៥៣គ្រឿង ចូលរួមសមយុទ្ធ ដែលជាតួលេខកំណត់ត្រា។

ប្រទេសចិន បានធ្វើសមយុទ្ធ ដាវរួម-២០២៤B (Joint Sword-2024B) រយៈពេលតែមួយថ្ងៃកាលពីថ្ងៃចន្ទ ជាការព្រមានដល់ “សកម្មភាពផ្ដាច់ខ្លួន” បន្ទាប់ពីសុន្ទរកថាទិវាជាតិកាលពីសប្តាហ៍មុនដោយមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំង បានផ្កោលទោស។

មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ លោក ឆូ ជុងថៃ (Cho Jung-tai) បាននិយាយថា សមយុទ្ធរបស់ចិននោះជារឿងគួរឱ្យភ័យព្រួយណាស់ ហើយនេះមិនត្រឹមតែជាកង្វល់សម្រាប់តែកោះតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែបានប៉ះពាល់ដល់អស្ថិរភាពក្នុងតំបន់ ដែលគួរតែទទួលបានការយកចិត្តទុកដាក់ពីអន្តរជាតិ។

សមយុទ្ធទ្រង់ទ្រាយធំរបស់ចិន ក៏បានជំរុញឱ្យមានការព្រួយបារម្ភពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយមន្ទីរបញ្ចកោណ បានរិះគន់ហ្គេមសង្រ្គាមនោះថា “បង្កអស្ថិរភាព”៕