ការិយាល័យជលផលហ្វីលីពីន បាននិយាយថា ទូក “កងជីវពលដែនសមុទ្ររបស់ប្រទេសចិន” បានបង្កការប៉ះទង្គិចដោយចេតនាលើនាវាមួយក្នុងចំណោមនាវាពីរគ្រឿងរបស់ទីក្រុងម៉ានីល ដែលកំពុងល្បាតតាមដែនសមុទ្រជាប្រចាំនៅក្នុងតំបន់ជុំវិញកោះ ធីទូ (Thitu) ក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ការិយាល័យនេសាទ និងធនធានជលផល (BFAR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ (១៤ តុលា) ថា នាវាហ្វីលីពីនរងស្នាមប្រេះនៅផ្នែកខាងក្រោមពីការរុញច្រានដោយចេតនានោះ។ ហ្វីលីពីន បានចោទចិន ពីការរក្សាកងជីវពលដែនសមុទ្រ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំង អះអាងថាពួកគេជាទូកស៊ីវិលប៉ុណ្ណោះ។

វីដេអូដែលចែករំលែកដោយការិយាល័យហ្វីលីពីននេះ បានបង្ហាញទូកចិនដែលមានលេខ ០០១០៨ ចូលមកជិតនាវាការិយាល័យ BRP ឈ្មោះថា ដាទូ កាបាយឡូ (Datu Cabaylo) ដោយធ្វើដំណើរទៅជិតនិងនាវា រួចក៏បើកបំបុក។ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅជិតដែនទឹកជម្លោះនៅក្នុងប្រទេសចិនខាងត្បូង ដោយទីក្រុងម៉ានីល បានចោទឆ្មាំល្បាតឆ្នេរចិន ពីសកម្មភាពកម្រោល ហើយទីក្រុងប៉េកាំង ខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថាការបង្កហេតុ និងការឈ្លានពានទឹកដីពីហ្វីលីពីន៕