ការវាយប្រហារតាមអាកាសរួមគ្នារបស់ស៊ីរី និងរុស្ស៊ី បានកំណត់គោលដៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងតំបន់ជនបទនៃខេត្ត Idlib និង Latakia ភាគពាយ័ព្យនៃប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន ៣០នាក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Al-Watan Online។

របាយការណ៍ បាននិយាយថា ការវាយប្រហារតាមអាកាស បានធ្វើទៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមជ្រុលនិយម ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

កងកម្លាំងស៊ីរី និងរុស្ស៊ី បានបង្កើនប្រតិបត្តិការយោធារបស់ពួកគេនៅក្នុងតំបន់ ដែលនៅតែជាបន្ទាយរឹងមាំសម្រាប់ក្រុមឧទ្ទាម។
ការវាយប្រហារតាមអាកាសនេះ បានកើតឡើង នៅពេលដែលក្រុមឧទ្ទាម Hayat Tahrir al-Sham កំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅភាគខាងជើងប្រទេសស៊ីរី រួមទាំងតំបន់ជនបទ Idlib, Latakia និង Aleppo។