ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ (១៥ តុលា) នេះថា អ៊ីស្រាអែល នឹងទទួលស្តាប់យោបល់សហរដ្ឋអាមេរិក ប៉ុន្តែនឹងសម្រេចចិត្តលើសកម្មភាពរបស់ខ្លួនយោងទៅតាមផលប្រយោជន៍ជាតិរបស់ខ្លួនផ្ទាល់។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានភ្ជាប់ជាមួយនឹងអត្ថបទរបស់សារព័ត៌មាន វ៉ាស៊ីនតោន ប៉ុស្ដិ៍ (Washington Post) ដែលបាននិយាយថា លោក Netanyahu បានប្រាប់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ថា អ៊ីស្រាអែល នឹងវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ មិនមែនជាគោលដៅនុយក្លេអ៊ែរ ឬប្រេងនោះទេ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងស្របពេលមានការរំពឹងទុកថា អ៊ីស្រាអែលនឹងវាយប្រហារសងសឹកចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ លើអ៊ីស្រាអែល កាលពីថ្ងៃទី០១ ខែតុលា។ Washington Post បានដកស្រង់សម្តីមន្ត្រីម្នាក់ដោយនិយាយ សកម្មភាពសងសឹកនោះនឹងត្រូវបានក្រិតតាមខ្នាតដើម្បីបញ្ចៀសការយល់ឃើញនៃ “ការជ្រៀតជ្រែកផ្នែកនយោបាយនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក”។

លោក Biden ធ្លាប់បាននិយាយថា លោកនឹងមិនគាំទ្រការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នោះទេ។ បណ្ដារដ្ឋឈូងសមុទ្រ បានបញ្ចុះបញ្ចូលទីក្រុងវ៉ាស៊ីនតោន ឱ្យបញ្ឈប់អ៊ីស្រាអែល ពីការវាយប្រហារទីតាំងប្រេងរបស់អ៊ីរ៉ង់ ព្រោះពួកគេព្រួយបារម្ភថាទីតាំងប្រេងរបស់ខ្លួនក៏អាចទទួលរងការបាញ់ប្រហារពីក្រុមប្រយុទ្ធតំណាងរបស់ទីក្រុងតេអេរ៉ង់ផងដែរ ប្រសិនបើជម្លោះកើនឡើង៕