អ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងតេហេរ៉ង់ បានប្រាប់សារព័ត៌មានស៊ីនហួរ នាពេលថ្មីៗនេះថា ការឆ្លើយតបដ៏មានសក្តានុពលរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ នៅដើមខែតុលា អាចពាក់ព័ន្ធនឹងការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់ខ្លួន ក៏ដូចជាការធ្វើឃាតមន្ត្រីរបស់ខ្លួន។

លោក សេដ រីហ្សា សាដ អាល់ហ៊ូសេនី( Seyed Reza Sadr al-Hosseini) អ្នកជំនាញខាងបញ្ហាអាស៊ីខាងលិច បាននិយាយថា អ៊ីស្រាអែល អាចនឹងវាយប្រហារលើទីតាំងនុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធប្រេង និងមជ្ឈមណ្ឌលយោធាមួយចំនួន ឬស្វែងរកការធ្វើឃាតមន្ត្រី និងឥស្សរជនអ៊ីរ៉ង់មួយចំនួន ដែលពាក់ព័ន្ធក្នុងវិស័យយោធា សន្តិសុខ និងការពារជាតិ។
លោក អាល់ហ៊ូសេនី បានព្យាករថា ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ៊ីស្រាអែល វាយប្រហារស្ថានីយថាមពលមួយរបស់អ៊ីរ៉ង់ វាអាចនាំឲ្យមានការដាច់ចរន្តអគ្គិសនីរយៈពេលពីរបីម៉ោងក្នុងប្រទេសនេះ ដោយសារតែបណ្តាញអគ្គិសនីទូទាំងប្រទេសរបស់ខ្លួនដែលមានមជ្ឈមណ្ឌលផលិតថាមពលជាច្រើនកន្លែង។

អ្នកជំនាញរូបនេះ បាននិយាយថា អ៊ីរ៉ង់បានត្រៀមលក្ខណៈចាំបាច់ និងអាចធ្វើទៅបានសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែល។
លោក អាល់ហ៊ូសេនី បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានពង្រឹងការការពារដែនអាកាស នៅក្នុងតំបន់សំខាន់ៗ ហើយ «ប្រសិនបើអ៊ីស្រាអែល ចាត់វិធានការណាមួយនោះ អ៊ីរ៉ង់នឹងធ្វើការវាយបកទៅវិញយ៉ាងធ្ងន់ធ្ងរ» ជាមួយនឹងកម្លាំងខ្លាំងជាង បើប្រៀបធៀបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល។
ទន្ទឹមនឹងនេះ លោក ហាសាន ប៊ីហែសទីព័រ (Hassan Beheshtipour) អ្នកវិភាគកិច្ចការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ បានប្រាប់ស៊ីនហួថា អ៊ីស្រាអែលប្រហែលជាកំពុងពិចារណាជម្រើស ផ្សេងៗ។
លោក ប៊ីហែសទីព័រ បាននិយាយថា មិនថាកន្លែងនុយក្លេអ៊ែរ ឬរោងចក្រប្រេងទេ អ៊ីស្រាអែល នឹងចាត់វិធានការណាមួយ ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។