មន្ត្រីជាន់ខ្ពស់ម្នាក់នៅទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កុមារជាង ៤០០.០០០ នាក់នៅក្នុងប្រទេសលីបង់ ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេល បីសប្តាហ៍កន្លងទៅនេះ ដោយព្រមានអំពី «ការបាត់បង់ជំនាន់» នៅក្នុងប្រទេសតូចមួយដែលកំពុងជួបវិបត្តិជាច្រើន ហើយឥឡូវនេះ កំពុងស្ថិតក្នុងពាក់កណ្តាលសង្រ្គាម។

អ៊ីស្រាអែល បានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលមានមូលដ្ឋាននៅប្រទេសលីបង់ រួមទាំងការវាយលុកជើងគោក បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការបាញ់ប្រហារគ្នា ក្នុងអំឡុងពេលសង្គ្រាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ បានជំរុញមនុស្ស ១,២ លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលភាគច្រើននៃពួកគេ ភៀសខ្លួនទៅកាន់ទីក្រុងបេរូត និងកន្លែងផ្សេងទៀតនៅភាគខាងជើង ក្នុងរយៈពេល បីសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីការកើនឡើងភាពតានតឹងនេះ។

លោក ថិដ ឆាយបាន ( Ted Chaiban) នាយកប្រតិបត្តិរងនៃអង្គការ UNICEF ទទួលបន្ទុកសកម្មភាពមនុស្សធម៌ បានចុះ ទៅមើលសាលារៀន ដែលត្រូវបានប្រែក្លាយទៅជាជម្រកសម្រាប់ទទួលគ្រួសារជនភៀសខ្លួន។
លោក ឆាយបាន បានប្រាប់សារព័ត៌មាន AP នៅទីក្រុងបេរូតថា៖«អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះ គឺថា សង្រ្គាមនេះ មានរយៈពេល បីសប្តាហ៍ ហើយកុមារជាច្រើន បានរងផលប៉ះពាល់»។