សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពន្ធនាគារព្រៃស (ម១) នឹងត្រូវផ្លាស់ប្ដូររចនាសម្ព័ន្ធ ជាពិសេសក្បាលម៉ាស៊ីនដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្រោយបែកធ្លាយវីដេអូផឹកស៊ី ក្នុងពន្ធនាគារនេះ។

សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា សម្តេចបានជជែកជាមួយឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចហើយ ករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលត្រូវបានគេចែកចាយ តាមបណ្តាញសង្គមហ្វេសប៊ុក។ ករណីនេះ ពន្ធនាគារព្រៃស សម្ដេចបានឯកភាពឱ្យផ្លាស់ប្ដូរក្បាលម៉ាស៊ីន ដើម្បីពង្រឹងស្ថាប័ននេះ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ម្សិលម្ង៉ៃនេះឃើញ គេជប់លៀង បង្ហោះហ្វេសប៊ុកពីក្នុងគុក។ ខ្ញុំបានជជែកជាមួយ ឯកឧត្តម ស សុខា ពីម្សិលម្ង៉ៃ ប្រគល់ភារកិច្ចឲ្យមើលពិនិត្យអាហ្នឹងឡើងវិញ ឆែកមើល ស្រាវជ្រាវមើលរឿងហ្នឹងវាយ៉ាងម៉េច។ ព្រោះហ្វេសប៊ុកនេះ រញ៉េរញ៉ៃណាស់ ជួនកាលវីដេអូ ១០ឆ្នាំទើបចេញឥលូវ ប៉ុន្តែធ្វើយ៉ាងណា ជាពិសេសធ្វើការកែទម្រង់ពង្រឹង ពន្ធនាគាររបស់យើង។ ម្សិលមិញ ឯកឧត្តម ស សុខា បានរាយការណ៍មក ទី១៖ ពង្រឹង ម១នេះ តាមរយៈការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំតែម្តង ដើម្បីពង្រឹងស្ថាប័ននេះ... »។
សូមជម្រាបថា ថ្មីៗនេះ មានការចែកចាយព្រោងព្រាត ករណីវីដេអូផឹកស៊ីក្នុងពន្ធនាគារ ដែលបង្ហាញភាពកម្សោយ នៃការដឹកនាំស្ថាប័នពន្ធនាគារព្រៃស ឬ ម១៕