អង្គការ ណាសា (NASA) បានបាញ់បង្ហោះយានអវកាសពីរដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៤ តុលា) ក្នុងបេសកកម្មដើម្បីពិនិត្យមើលថាតើព្រះចន្ទ យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ មានលក្ខខណ្ឌសមរម្យសម្រាប់ទ្រទ្រង់ជីវិតដែរឬទេ ដោយផ្តោតលើមហាសមុទ្រនៅផ្ទៃខាងក្រោមដ៏ធំ ដែលត្រូវបានគេជឿថាកំពុងលាក់ខ្លួននៅក្រោមសំបកខាងក្រៅដ៏ក្រាស់របស់ភពនេះ។
យានអវកាស យូរ៉ូប៉ា ឃ្លីបភើ (Europa Clipper) របស់ទីភ្នាក់ងារអវកាសអាមេរិក ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស ឃិននេឌី (Kennedy) នៅលើយានចម្លង ហ្វាលខន ហេវវី (Falcon Heavy) របស់ក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX)។
យានដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ គ្រោងនឹងចូលទៅក្នុងគន្លងជុំវិញភពព្រហស្បតិ៍ ក្នុងឆ្នាំ ២០៣០ បន្ទាប់ពីធ្វើដំណើរចម្ងាយប្រហែល ២,៩ពាន់លានគីឡូម៉ែត្រ ក្នុងពេល ៥ឆ្នាំកន្លះ។ នេះគឺជាយានអវកាសដ៏ធំបំផុត ដែលណាសាបានសាងសង់ឡើងសម្រាប់បេសកកម្មភព ដែលមានប្រវែងប្រហែល ៣០,៥ម៉ែត្រ និងទទឹងប្រហែល ១៧,៦ម៉ែត្រ ដោយបំពាក់អង់តែន និងសំណុំផ្ទាំងសូឡា។
ទោះបីជា Europa ដែលជាព្រះចន្ទធំជាងគេទី៤ ក្នុងចំណោមព្រះចន្ទទាំង៩៥ របស់ភពព្រហស្បតិ៍មានទំហំត្រឹមតែមួយភាគបួននៃអង្កត់ផ្ចិតផែនដីក៏ដោយ ប៉ុន្តែមហាសមុទ្រទឹកប្រៃដ៏ធំរបស់វាអាចផ្ទុកទឹកពីរដងច្រើនជាងមហាសមុទ្ររបស់ភពផែនដី។ សូមបញ្ជាក់ថា មហាសមុទ្ររបស់ផែនដី ត្រូវបានគេគិតថាជាប្រភពកំណើតរបស់ជីវិតនៅលើភពផែនដីរបស់យើង។
Europa មានអង្កត់ផ្ចិតប្រហែល ៣.១០០គីឡូម៉ែត្រ គឺស្មើនឹងប្រហែល ៩០% នៃព្រះចន្ទរបស់ផែនដី ហើយត្រូវបានគេមើលឃើញថាអាចជាជម្រកសម្រាប់ជីវិតក្រៅពីភពផែនដីនៅក្នុងប្រព័ន្ធព្រះអាទិត្យ៕