អតីតមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន(Tsai Ing-wen) បានរិះគន់ប្រទេសចិន ចំពោះការគំរាមកំហែងដល់កោះតៃវ៉ាន់ ដោយការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។
លោកស្រី Tsai បាននិយាយនៅក្នុងវេទិកាមួយ ស្តីពីលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទនៅទីក្រុងប្រាក រដ្ឋធានីនៃសាធារណរដ្ឋឆែក។ លោកស្រី កំពុងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីចាកចេញពីតំណែងកាលពី ខែ ឧសភា។
លោកស្រី Tsai និយាយថា លទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក កំពុងប្រឈមមុខបញ្ហានានាដែលមិនធ្លាប់មានពីមុនមក ខណៈរបបផ្តាច់ការ បានទទួលនូវទំនុកចិត្តជុំវិញវិធីសាស្រ្តនៃការគ្រប់គ្រងរបស់ពួកគេ។
លោកស្រី Tsai បាននិយាយបន្តថា ក្នុងស្ថានការណ៍នេះ កោះតៃវ៉ាន់ ឈរនៅជួរមុខនៃការគំរាមកំហែង។ សកម្មភាពថ្មីៗបំផុត គឺការប្រកាសរបស់ចិនអំពីសមយុទ្ធយោធា។
ទីក្រុងប៉េកាំង បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅក្នុងតំបន់ជាច្រើននៅហ៊ុមព័ទ្ធកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ។ លោកស្រី Tsai បានជំរុញឱ្យប្រទេសលទ្ធិប្រជាធិបតេយ្យ បង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេដោយនិយាយថា ពួកគេគួរតែបញ្ជូនសញ្ញាថា ការគំរាមកំហែងណាមួយ ឬការប្រើប្រាស់កម្លាំង នឹងនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កោះតៃវ៉ាន់ និយាយថា អតីតមេដឹកនាំរូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅអឺរ៉ុប រយៈពេល៨ថ្ងៃ។