សមាគមធុរកិច្ចទីក្រុងសៅ ប៉ូឡូ បាននិយាយ កាលពីថ្ងៃចន្ទថា ការដាច់ចរន្តអគ្គិសនីរយៈពេលបីថ្ងៃនៅក្នុងទីក្រុង Sao Paulo ជាទីក្រុងធំបំផុតរបស់ប្រទេសប្រេស៊ីល បានបណ្តាលឲ្យមានការខាតបង់ទឹកប្រាក់ចំនួន១៧,៦លានដុល្លារអាមេរិក សម្រាប់វិស័យពាណិជ្ជកម្ម និងសេវាកម្ម។
សមាគមធុរកិច្ចទីក្រុងសៅ ប៉ូឡូ បានរាយការណ៍ថា ការដាច់ចរន្តអគ្គិសនី បណ្តាលមកពីខ្យល់បក់ខ្លាំងលើសពី១០៧គីឡូម៉ែត្រក្នុងមួយម៉ោង បានបណ្តាលឱ្យលំនៅឋានប្រហែល ២,៥ លានខ្នងគ្មានអគ្គិសនីប្រើប្រាស់ចាប់តាំងពីយប់ថ្ងៃសុក្រ សប្តាហ៍កន្លងទៅនេះ។
ការដាច់ចរន្តអគ្គិសនី បានធ្វើឲ្យប៉ះពាល់ដល់ទីក្រុង Sao Paulo និងតំបន់ទីប្រជុំជនរបស់ទីក្រុង ដែលជាខ្សែក្រវ៉ាត់ហិរញ្ញវត្ថុ និងឧស្សាហកម្មដ៏សំខាន់របស់ប្រទេសនៅអាមេរិកឡាទីនមួយនេះ។
សេដ្ឋវិទូនៃសមាគមធុរកិច្ច បាននិយាយថា «ការខាតបង់ជាចម្បង ដោយសារតែការធ្លាក់ចុះនៃការបញ្ជាទិញភ្លាមៗ ដោយអ្នកប្រើប្រាស់»។
គិតត្រឹមថ្ងៃច័ន្ទ ទី ១៤ ខែ តុលា លំនៅឋានជាង ៥០០.០០០ខ្នង ដែលពឹងផ្អែកលើក្រុមហ៊ុនអ៊ីតាលី Enel ដែលគ្រប់គ្រងសម្បទានអគ្គិសនី សម្រាប់ផ្នែកនៅរដ្ឋ Sao Paulo នៅតែគ្មានអគ្គិសនីប្រើប្រាស់។