ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃចន្ទ (ទី១៥ ខែតុលា) បានរាយការណ៍ថា អ៊ីស្រាអែលបានធានាចំពោះសេតវិមានថា ការវាយប្រហារសងសឹកដែលបានគ្រោងទុក ប្រឆាំងអ៊ីរ៉ង់ នឹងមិនកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ ឬប្រេងនោះទេ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្តេជ្ញាវាយបកវិញ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកមកកាន់ប្រទេសនេះ កាលពីថ្ងៃទី១ ខែតុលា ដោយការវាយប្រហារនោះ គឺដើម្បីតបទៅនឹងការសម្លាប់របស់អ៊ីស្រាអែល ចំពោះមេដឹកនាំសកម្មប្រយុទ្ធដែលមានសម្ព័ន្ធមិត្តជាមួយក្រុងតេអេរ៉ង់ ក្នុងតំបន់ ដោយរួមមានឧត្តមសេនីយ៍ម្នាក់ក្នុងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ។
ដោយដកស្រង់សម្ដីពីមន្ត្រីអាមេរិកអនាមិកម្នាក់ សារព័ត៌មាន Washington Post បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធានាជាថ្មីដល់សេតវិមានថា ការវាយប្រហារតបតដែលខ្លួនកំពុងគិតគូរនេះ នឹងផ្តោតតែលើទីតាំងយោធាប៉ុណ្ណោះ។
ចំណែកសារព័ត៌មាន Wall Street Journal ដែលបានដកស្រង់សម្ដីមន្ត្រីអាមេរិកនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះផងដែរនោះ បានរាយការណ៍ថា ការសន្យានេះបានកើតមានឡើងក្នុងការជជែកតាមទូរសព្ទ រវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Netanyahu កាលពីសប្តាហ៍មុន ព្រមទាំងក្នុងការសន្ទនា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងសមភាគីអ៊ីស្រាអែលលោក Yoav Gallant ។
ហើយសារព័ត៌មាន Washington Post បានរាយការណ៍បន្ថែមថា ផែនការនេះ «ត្រូវបានស្វាគមន៍ដោយការផ្តល់ជំនួយ ក្នុងទីក្រុងវ៉ាស៊ីនតោន»៕