អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានលើកឡើងថា អង្គការណាតូ នឹងមិនត្រូវបានបំភិតបំភ័យដោយការគំរាមកំហែងរបស់រុស្ស៊ីឡើយ ហើយសម្ព័ន្ធភាពយោធាមួយនេះនឹងបន្តផ្តល់ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់ទីក្រុងគីវ។
លោក Rutte បានប្រាប់ថា៖ «សារ (ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin) គឺថា យើងនឹងបន្ត ហើយយើងនឹងធ្វើអ្វីៗដែលចាំបាច់ ដើម្បីធ្វើឲ្យប្រាកដថា លោក Putin នឹងមិនសម្រេចបានតាមបំណងរបស់លោក ហើយអ៊ុយក្រែននឹងឈ្នះ»។
ទីភ្នាក់ងារនេះបញ្ជាក់ថា លោកអគ្គលេខាធិការបានធ្វើសេចក្តីថ្លែងការណ៍នេះ កាលពីថ្ងៃចន្ទ (ទី១៤ ខែតុលា) ខណៈកំពុងនិយាយនៅឯបន្ទាយ Clay Barracks។ មូលដ្ឋានអាមេរិកនេះរៀបចំទីស្នាក់ការកណ្តាលនៃបេសកកម្មថ្មី ដែលមានឈ្មោះថា ការគាំទ្រ និងការបណ្ដុះបណ្ដាលរបស់អង្គការណាតូ សម្រាប់អ៊ុយក្រែន (NSATU) ដោយបេសកកម្មនេះនឹងជួយសម្របសម្រួលដល់ជំនួយយោធាលោកខាងលិចទៅកាន់ទីក្រុងគីវ។
មូលដ្ឋាន នៅទីក្រុង Wiesbaden របស់អាល្លឺម៉ង់នេះ ក៏ជាកន្លែងទទួលអង្គភាពអាមេរិកទទួលបន្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ ដែលទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងឈរជើងបណ្តោះអាសន្ន ក្នុងប្រទេសអាឡឺម៉ង់ពីឆ្នាំ២០២៦ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលរបស់រុស្ស៊ីដែលបានដាក់ពង្រាយនៅជិតទីក្រុង Kaliningrad ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីទីក្រុងប៊ែរឡាំង។
អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់អាល្លឺម៉ង់ ក្នុងនាមជាប្រមុខអង្គការណាតូ លោក Rutte បានស្វាគមន៍ចំពោះចំណាត់ការនេះ ដែលរុស្ស៊ីបានថ្កោលទោសថា ជាការញុះញង់ និងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងគណបក្សសង្គមប្រជាធិបតេយ្យរបស់អធិការបតី លោក Olaf Scholz។ លោក Rutte ក៏បានសង្កត់ធ្ងន់ថា អង្គការណាតូ ត្រូវតែរក្សាសមត្ថភាពពេញលេញគ្រប់យ៉ាងដែលចាំបាច់ ដើម្បីរារាំងការគំរាមកំហែងរបស់រុស្ស៊ី៕