តាមរយៈការបង្ហោះសារ នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប (EU) និងអង់គ្លេស លើទីក្រុងតេអេរ៉ង់ ហើយបានបដិសេធមិនបានផ្តល់មីស៊ីលបាលីស្ទិកដល់ប្រទេសរុស្ស៊ីនោះឡើយ។
គួរបញ្ជាក់ថា បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀងកាលពីថ្ងៃទី១៤ ខែតុលា ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៧នាក់ និងស្ថាប័នចំនួន ៧ ក្នុងនោះរួមទាំងក្រុមហ៊ុនអាកាសចរណ៍ Iran Air ផងដែរ ពាក់ព័ន្ធទៅនឹងមានទំនាក់ទំនងរបស់ពួកគេ ក្នុងការផ្ទេរមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ទៅរុស្ស៊ី។
ការចុះបញ្ជីទណ្ឌកម្មនេះ ក៏រួមបញ្ចូលផងដែរនូវក្រុមហ៊ុនអាកាសចរណ៍ចំនួន២ គឺ Saha Airlines និង Mahan Air ហើយនិងអនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Seyed Hamzeh Ghalandari។ ក្នុងពេលជាមួយគ្នានេះ អង់គ្លេសបានបន្ថែមបុគ្គល និងស្ថាប័នចំនួន ៩ទៀត នៅក្រោមប្រព័ន្ធដាក់ទណ្ឌកម្មរបស់ខ្លួនលើអ៊ីរ៉ង់។
កាលពីខែកញ្ញា ដោយបានលើកឡើងពីព័ត៌មានសម្ងាត់ដែលខ្លួនបាននិយាយថា ត្រូវបានចែករំលែកជាមួយសម្ព័ន្ធមិត្តនោះ សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានទទួលមីស៊ីលបាលីស្ទិកពីប្រទេសអ៊ីរ៉ង់ ដើម្បីយកទៅធ្វើសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន។
តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែតុលានេះ បានបដិសេធថា ប្រទេសរបស់លោកមិនបានផ្តល់មីស៊ីលបាលីស្ទិកដល់រុស្ស៊ីនោះឡើយ៕