រដ្ឋាភិបាលប៉ាគីស្ថាន បាននិយាយថា នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក Akylbek Zhaparov បានធ្វើដំណើរទៅដល់ទីក្រុង Islamabad ហើយ នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) នេះ ដើម្បីចូលរួមកិច្ចប្រជុំនៃប្រមុខរដ្ឋាភិបាលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដោយរដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា ទីក្រុងនេះស្ថិតនៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់ SCO ដែលជាក្រុមសន្តិសុខ និងនយោបាយអឺរ៉ាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រទេសរុស្ស៊ី និងចិន គឺជាព្រឹត្តិការណ៍កម្រិតខ្ពស់បំផុតដែលរៀបចំដោយប្រទេសអាស៊ីខាងត្បូងដែលញាំញីដោយបញ្ហារយៈពេលជាច្រើនឆ្នាំមកហើយ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានទៅដល់ប៉ាគីស្ថានរួចហើយ ខណៈដែលនាយករដ្ឋមន្ត្រីចំនួន ៧រូបទៀតនៃប្រទេសសមាជិក និងរដ្ឋសង្កេតការណ៍ផ្សេងទៀត ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ផងដែរ នឹងចូលរួមដោយផ្ទាល់។
ព្រឹត្តិការណ៍នេះទាក់ទាញបានការចាប់អារម្មណ៍បន្ថែមទៀត ដោយឥណ្ឌា ដែលជាប្រទេសជិតខាងរបស់ប៉ាគីស្ថាន និងជាគូប្រជែងដ៏ស្រួចស្រាល់នោះ បានបញ្ជូនរដ្ឋមន្ត្រីការបរទេស លោក Subrahmanyam Jaishankar ដែលជារដ្ឋមន្ត្រីការបរទេសឥណ្ឌាដំបូងគេទៅបំពេញទស្សនកិច្ច នៅប៉ាគីស្ថាន ក្នុងរយៈពេលជិត ១ទសវត្សរ៍ ខណៈដែលទំនាក់ទំនងនៅតែមានភាពរអាក់រអួលដដែល រវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២។
SCO ក៏រួមបញ្ចូលផងដែរនូវប្រទេសអ៊ីរ៉ង់ កាហ្សាក់ស្ថាន សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ នាយករដ្ឋមន្ត្រីនៃប្រទេសបេឡារុស និងម៉ុងហ្គោលី ក៏ចូលរួមដែរ។ ខណៈដែលកិច្ចប្រជុំ SCO ដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ត្រូវបានគេរំពឹងថា នឹងរៀបចំអាហារពេលល្ងាចស្វាគមន៍គណៈប្រតិភូ នៅថ្ងៃអង្គារនេះ៕