ផ្នែកជាច្រើននៃទីក្រុងគូឡាឡាំពួរបស់ប្រទេសម៉ាឡេស៊ី និងតំបន់ជុំវិញនៃទីក្រុងនេះ ត្រូវបានប៉ះពាល់ដោយទឹកជំនន់ដ៏គំហុកភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅព្រឹកថ្ងៃអង្គា (ទី១៥ ខែតុលា) នេះ ដោយគេរំពឹងថា នឹងធ្វើឲ្យចរាចរណ៍កកស្ទះកាន់តែអាក្រក់ទៅៗពេញទីក្រុង។
ទីភ្នាក់ងារសារព័ត៌មាន Bernama បានឲ្យដឹងថា អ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នារាយការណ៍ពីការមានទឹកជំនន់ដ៏គំហុកភ្លាមៗ នៅលើផ្លូវជាច្រើនខ្សែ ក្នុងនោះរួមទាំងផ្លូវ Jalan Parlimen ទៅកាន់តំបន់ Bukit Aman ផ្លូវ Jalan Perak និងផ្លូវ Lebuhraya Sultan Iskandar ផងដែរ។ ហើយមានការនិយាយថា ផ្លូវមួយចំនួនដែលលិចទឹក ស្ទើរតែមិនអាចធ្វើចរាចរណ៍បាន។
ជាមួយគ្នានេះ នគរបាលទីក្រុង Ampang Jaya បាននិយាយថា ជំនន់ទឹកភ្លៀងនេះ ក៏បាននាំឲ្យមានបំណាក់ដីផងដែរ នៅចំណុចប្រសព្វ រវាងផ្លូវ Jalan Serdang និងផ្លូវ Jalan E6 Taman Melawati ដែលកាត់ផ្តាច់ផ្លូវទៅកាន់គេហដ្ឋានប្រហែល ២០ខ្នង។
ភ្លាមៗនេះ មិនមានអ្នករងរបួសណាម្នាក់ ត្រូវបានគេរាយការណ៍នៅឡើយទេ បើទោះជាបំណាក់ដីបានបំផ្លាញរថយន្ត ១គ្រឿង និងធ្វើឲ្យប៉មយាមមួយខ្នងបាក់រលំក៏ដោយ។
ដោយឡែក នាយកដ្ឋានឧតុនិយម (MetMalaysia) បានចេញសេចក្តីការព្រមាន អំពីបាតុភូតផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់មួយចំនួន ក្នុងឧបទ្វីបម៉ាឡេស៊ី រហូតដល់ម៉ោង ១រសៀល (ម៉ោងក្នុងស្រុក)។ ការព្រមាននេះគ្របដណ្តប់លើរដ្ឋ Selangor ទីក្រុងគូឡាឡាំពួ ទីក្រុង Putrajaya រដ្ឋ Melaka និងរដ្ឋ Penang៕


