ក្រសួងការពារជាតិរបស់ឥណ្ឌា បានប្រាប់ឲ្យដឹងថា ប្រទេសអាស៊ីខាងត្បូងមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) ដើម្បីទិញយានដ្រូនប្រភេទ MQ-9B SkyGuardian និង SeaGuardian High Altitude Long Endurance (HALE) ចំនួន ៣១គ្រឿង។
កិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពីមាននូវកិច្ចពិភាក្សា ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៨។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនយ៉ាងខ្លាំងនូវសមត្ថភាពឃ្លាំមើល និងការស៊ើបការណ៍សម្ងាត់របស់ឥណ្ឌា ហើយស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចុះបញ្ជូលឥណ្ឌាឲ្យចេញឆ្ងាយពីការទិញគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី និងប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។
ស្ថាប័នការពារជាតិជាន់ខ្ពស់របស់ឥណ្ឌា បានអនុម័តលទ្ធកម្មនេះ កាលពីឆ្នាំមុន មុនពេលមាននូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលមន្ទីរបញ្ចកោណ បានអនុម័តយល់ព្រមកាលពីខែកុម្ភៈ។
កាលពីឆ្នាំមុន សារព័ត៌មាន Reuters បានរាយការណ៍ថា យានដ្រូននឹងត្រូវប្រើប្រាស់ជាចម្បង ដោយកងទ័ពជើងទឹក ក្នុងតំបន់មហាសមុទ្រឥណ្ឌា។ គូប្រជែងដ៏យូរអង្វែងរបស់ឥណ្ឌាចំនួន២ គឺចិន និងប៉ាគីស្ថាន មានប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ដែលអាចកំណត់ការប្រើប្រាស់យានដ្រូន នៅតាមព្រំដែនគោករបស់ឥណ្ឌា៕

