កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) នេះ បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ ជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដែលនឹងធ្វើឡើងនៅក្នុងតំបន់មួយចំនួន ក្នុងប្រទេសហ្វីលីពីន ក្នុងនោះរួមទាំងតំបន់ដែលឈមមុខទៅនឹងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងផងដែរ។
សមយុទ្ធដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែតុលា កើតមានឡើងបន្ទាប់ពីប្រទេសចិន បានធ្វើលំហាត់សមសង្គ្រាម ជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ (ទី១៤ ខែតុលា) ដែលនាំឲ្យមានការថ្កោលទោសពីរដ្ឋបាលទីក្រុងតៃប៉ិ និងសហរដ្ឋអាមេរិក។
កងម៉ារីនហ្វីលីពីនបាននិយាយថា សមយុទ្ធយោធានេះនឹងមានការចូលរួមពីទាហានអាមេរិក និងហ្វីលីពីនជាង ២.០០០នាក់ ហើយនិងរួមបញ្ចូលសមយុទ្ធលើកោះ ដើម្បីហាត់ប្រតិបត្តិការបញ្ជូនកងកម្លាំងឡើងគោក បាញ់គ្រាប់ពិត និងផ្ដល់ជំនួយមនុស្សធម៌។
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺអូស្ត្រាលី អង់គ្លេស ជប៉ុន និងកូរ៉េខាងត្បូង កំពុងចូលរួមសមយុទ្ធន ដែលកំពុងត្រូវបានបធ្វើឡើង ខណៈសមយុទ្ធកងទ័ពជើងទឹករួមគ្នា រវាងហ្វីលីពីន វ៉ាស៊ីនតោន និងប្រទេសចំនួន ៤ផ្សេងទៀត នៅឆ្នេរភាគខាងជើងកោះ Luzon កំពុងប្រព្រឹត្តទៅ។
សមយុទ្ធកងកម្លាំងប្រដាប់អាវុធ មានឈ្មោះថា KAMANDAG ជាអក្សរកាត់ភាសាហ្វីលីពីន ដែលមានន័យថា «កិច្ចសហប្រតិបត្តិការនៃអ្នកចម្បាំងដែនសមុទ្រ»៕

