ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) នេះ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍ថា ភាគច្រើននៃជនរងគ្រោះទាំង ២២នាក់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារមួយខ្នង នៅភាគខាងជើងប្រទេសលីបង់ គឺជាស្ត្រី និងកុមារ។
អំឡុងការឆ្លើយតបទៅនឹងសំណួរ អំពីការវាយប្រហារលើភូមិ Aitou កាលពីថ្ងៃចន្ទ (ទី១៤ ខែតុលា) អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់ UN លោក Jeremy Laurence បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «អ្វីដែលយើងកំពុងឮ គឺថា ក្នុងចំណោមជនរងគ្រោះ ២២នាក់ ដែលត្រូវបានសម្លាប់ មានស្ត្រី ១២នាក់ និងកុមារ ២នាក់»។
អមដោយការអំពាវនាវឲ្យមានការស៊ើបអង្កេត លោកបានបន្ថែមថា៖ «យើងបានដឹងថា វាជាអគារលំនៅឋានកម្ពស់ ៤ជាន់ ដែលត្រូវបានវាយប្រហារ។ ដោយកត្តាទាំងនេះនៅតែវិលវល់ក្នុងគំនិតរបស់យើង យើងមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការគោរព IHL (ច្បាប់មនុស្សធម៌អន្តរជាតិ) ក៏ដូចជាច្បាប់នៃសង្រ្គាម ហើយនិងគោលការណ៍នៃភាពខុសគ្នា និងសមាមាត្រ»។
ហើយជាមួយគ្នានេះដែរ នៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ នាយកមជ្ឈិមបូព៌ានៃទីភ្នាក់ងារជនភៀសខ្លួនរបស់ UN លោកស្រី Rema Jamous Imseis បាននិយាយថា ការបញ្ជាឲ្យជម្លៀសចេញថ្មីរបស់អ៊ីស្រាអែលទៅកាន់ភូមិចំនួន ២០ នៅភាគខាងត្បូងលីបង់ មានន័យថា ជាង ១ភាគ៤ នៃប្រទេស ឥឡូវនេះ ត្រូវរងផលប៉ះពាល់៕


