នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីប៉ាគីស្ថានលោក Asif Ali Zadari នៅទីក្រុងអ៊ីស្លាម៉ាបាដ មុនជំនួបអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ(SCO) ។
រដ្ឋធានីប្រទេសប៉ាគីស្ថានមួយនេះ ស្ថិតក្រោមការរឹតបណ្តឹងផ្នែកសន្តិសុខយ៉ាងតឹងរឹងបំផុត ពេលដែលលោក Li បានចុះចតកាលពីរយៈពេល ១ថ្ងៃមុន ។
សារព័ត៌មានចេញផ្សាយដោយការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ប៉ាគីស្ថាន និងចិន បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការពង្រឹងបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការនៅតាមវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច ការវិនិយោគទុន និងទំនាក់ទំនងក្នុងតំបន់ ។
ប្រទេសទាំង ២ បានធ្វើការសង្កត់ធ្ងន់ផងដែរពីតម្រូវការពន្លឿនការអនុវត្តគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន(CPEC) ។
ជំនួប SCO ដែលជាក្រុមនយោបាយ និងសន្តិសុខអឺរ៉ាស៊ី(អឺរ៉ុប-អាស៊ី) ត្រូវបានបង្កើតឡើងដោយរុស្ស៊ី និងចិនកាលពីឆ្នាំ ២០០១នោះ គឺជាព្រឹត្តការណ៍គួរឲ្យចាប់អារម្មណ៍បំផុត ធ្វើម្ចាស់ផ្ទះដោយប្រទេសមានបញ្ហានៅអាស៊ីខាងត្បូងមួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ក្រុមប្រទេស SCO រួមមានផងដែរ ប្រទេសអ៊ីរ៉ង់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេកគីស្ថាន ។
ការិយាល័យការបរទេសប៉ាគីស្ថាន និយាយថា ជំនួបនេះ នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការកំពុងបន្តក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលក្រុមសង្កេតការណ៍ មានជំនឿថា ប្លុកមួយនេះ នឹងព្យាយាមទប់ទល់ឥទ្ធិពលរបស់លោកខាងលិចនៅក្នុងតំបន់ ៕