ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Beirut បានបង្ហាញនូវភាពភិតភ័យ តត់ស្លុត និងព្រួយបារម្ភរបស់ពួកគេចំពោះវត្តមានរបស់យានដ្រូនយោធាអ៊ីស្រាអែល ហោះសំកាំងពីលើពួកគេនៅពេលថ្ងៃ និងពេលយប់ ។
លោក Nawal Khairo គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Beirut និយាយថា អ្នកដើរតាមផ្លូវ ហើយអ្នកឮសំឡេងរបស់វា ពេលអ្នកនៅផ្ទះ អ្នកឮសំឡេងរបស់វា ពេលណាក៏ដោយ ឲ្យតែអ្នកឮសំឡេងរបស់វា អ្នកច្បាស់ជាដឹងថា នឹងមានអ្វីកើតឡើងជាក់ជាពុំខាននោះឡើយ ។
ការឃ្លាំមើលដ៏គួរភ័យរបស់យានដ្រូនទាំងនេះ បានធ្វើឲ្យអ្នកស្រុកចោទសួរថាតើពួកគេត្រូវបានគេឃ្លាំមើលឬ និងថាតើពេលណា ឬកន្លែងណាដែលនឹងក្លាយជាការវាយប្រហារបន្ទាប់ ។
លោក Khairo បន្តថា អ្នកមានអារម្មណ៍ថា ដូចជាមានស្រមោលអ្វីមួយអន្ទោលតាមប្រាណរបស់អ្នក ហើយក្មេងៗសួរថាតើ រ៉ុក្កែតនឹងវាយប្រហារពួកយើងទៀតឬ? តើពួកយើងនឹងត្រូវស្លាប់ឬ ស្លាប់ដូចដែលអ្នករងការទម្លាក់គ្រាប់បែកមុនៗឬ?
គួរឲ្យដឹងថា ការវាយប្រហាររបស់យានដ្រូនរបស់ក្រុមហេសបូឡា បានសម្លាប់ទាហានអ៊ីស្រាអែល ៤នាក់ នៅក្នុងបន្ទប់ទទួលអាហារពេលល្ងាច ស្ថិតក្នុងមូលដ្ឋានកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ។ ការវាយប្រហារនេះ បានធ្វើឲ្យមនុស្ស ៦០នាក់ផ្សេងទៀត រងរបួសផងដែរ ៕