
ភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែល ដែលបានចាប់ផ្តើមវាយប្រហារតាមជើងគោកចូលទៅក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់កាលពីរយៈពេល ២សប្តាហ៍មុន ដើម្បីធ្វើសង្រ្គាមជាមួយក្រុមជីវពលហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានចេញបញ្ជាឲ្យជម្លៀសខ្លួន ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋលីបង់ប្រហែល ២៥ភាគរយ ។
តួលេខនេះ បញ្ជាក់ពីការប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋលីបង់ ដោយសារតែវិធានការរបស់អ៊ីស្រាអែលក្នុងការយកឈ្នះក្រុមហេសបូឡា និងបំផ្លិចបំផ្លាញរចនាសម្ព័ន្ធរបស់ពួកគេនៅក្នុងសង្រ្គាមរយៈពេល ១ឆ្នាំកន្លងមកនេះ ។

អ្នកស្រី Rema Jamous Imseis គឺជាប្រធានទីភ្នាក់ងារជនភៀសខ្លួន UNប្រចាំតំបន់មជ្ឈិមបូព៌ា និយាយប្រាប់សន្និសីទសារព័ត៌មាននៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការបញ្ជារបស់អ៊ីស្រាអែលដល់ភូមិចំនួន ២០នៅតំបន់ភាគខាងត្បូងលីបង់ មានន័យថា មនុស្សជាង ១ភាគ ៤នៅក្នុងប្រទេសមួយនេះ បានរងផលប៉ះពាល់ ។
រដ្ឋាភិបាលលីបង់ និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ២.៣០៩នាក់ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ហើយមនុស្សជាង ១,២លាននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ៕