អាជ្ញាធរអ៊ុយក្រែន បានបញ្ជាឱ្យប្រជាជនជម្លៀសចេញពីទីក្រុងសំខាន់ និងតំបន់ចំនួនបីផ្សេងទៀតនៅក្នុងតំបន់ Kharkiv ភាគឦសាន កាលពីថ្ងៃអង្គារ ខណៈកងកម្លាំងរុស្ស៊ី រុលចូលកាន់តែជិត ហើយមន្ត្រីប្រឈមមុខទៅនឹងការលំបាក ក្នុងការផ្តល់សេវានានានៅក្នុងរដូវរងារ។

បទបញ្ជាត្រូវបានអនុវត្តនៅទីក្រុង Kupiansk ដែលជាមជ្ឈមណ្ឌលផ្លូវរថភ្លើងមួយ ស្ថិតនៅលើដងទន្លេ Oskil។ ទីក្រុង Kupiansk បានធ្លាក់ទៅក្នុងដៃកងកម្លាំងរុស្ស៊ីរយៈពេលជាច្រើនសប្តាហ៍ បន្ទាប់ពីការវាយលុក កាលពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែត្រូវបានទាហានអ៊ុយក្រែន ដណ្តើមយកមកវិញ នៅឆ្នាំដដែលនោះ។

អភិបាលតំបន់ Kharkiv លោក Oleh Syniehubov បាននិយាយតាមទូរទស្សន៍ជាតិ ថា បទបញ្ជាជម្លៀស ត្រូវបានចេញជាចាំបាច់។ លោកនិយាយថា ស្ថានភាពលំបាកបំផុត គឺនៅផ្នែកនៃទីក្រុង Kupiansk។ នៅច្រាំងភាគខាងកើតទន្លេ Oskil ដែលបែងចែកទីក្រុង យើងលែងធានាបានការស្ដារឡើងវិញនូវអគ្គិសនី កម្តៅ និងការផ្គត់ផ្គង់ទឹកបានទៀតហើយ ដោយសារតែការបាញ់ផ្លោងឥតឈប់ឈរ។
កងកម្លាំងរុស្ស៊ី បាននិងកំពុងបង្កើនការរុលទៅមុខក្នុងការរុញច្រានរបស់ពួកគេដើម្បីចូលកាន់កាប់តំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន ដោយដណ្តើមយកបានភូមិជាច្រើនខណៈពួកគេរុលឆ្ពោះទៅភាគខាងលិច។
Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែននៅភាគខាងលិចក្រុង Kupiansk បានទទួលរងដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនឥតឈប់ឈរ។
នាយសេនាធិការរបស់យោធាអ៊ុយក្រែន បានរាយការណ៍ថា ការប្រយុទ្ធចំនួន១៩លើក បានកើតឡើងនៅជិតទីក្រុង Kupiansk ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។