នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Garry Conille បានប្រកាស កាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) និងប្រទេសកេនយ៉ា ថា ប្រទេសហៃទី នឹងស្វាគមន៍ក្រុមមន្ត្រីនគរបាលកេនយ៉ា វគ្គថ្មី នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពង្រឹងបេសកកម្មសន្តិសុខពហុជាតិសាសន៍។

លោក Conille បាននិយាយថា ប្រទេសកេនយ៉ា នឹងបញ្ជូនមន្ត្រីនគរបាលថ្មីចំនួន៦០០នាក់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ដែលនឹងបង្កើនសមត្ថភាពប្រតិបត្តិការទ្វេដងនៃកងកម្លាំងសន្តិសុខរបស់ប្រទេសហៃទី។ លោក បាននិយាយថា ប្រទេសអារ៉ាប់រួម នឹងផ្តល់អាវុធ និងគ្រាប់រំសេវ ដល់ប្រទេសហៃទីផងដែរ។

យ៉ាងហោចណាស់មានប្រទេសចំនួន១០បានសន្យាថា នឹងចូលរួមក្នុងការគាំទ្រផ្នែកសន្តិសុខពហុជាតិសាសន៍ ដឹកនាំដោយប្រទេសកេនយ៉ា។ ប៉ុន្តែមានតែមន្ត្រីនគរបាលប្រហែល៤៣០នាក់ប៉ុណ្ណោះដែលត្រូវបានដាក់ពង្រាយ ចាប់តាំងពីបេសកកម្មដែលត្រូវបានអនុញ្ញាតដោយអង្គការសហប្រជាជាតិ ចាប់ផ្តើម នៅក្នុងខែមិថុនា ដែលជិត៤០០នាក់ក្នុងចំណោមមន្ត្រី គឺមកពីប្រទេសកេនយ៉ា។
ក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលគ្រប់គ្រងភាគច្រើននៅរដ្ឋធានី ព័រ អូប្រាំង បានបន្តដណ្តើមយកទឹកដី។ សមាជិកនៃក្រុមជនអន្ធពាល Gran Grif បានធ្វើការវាយប្រហារដ៏បង្ហូរឈាមនៅក្នុងប្រទេសហៃទី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១១៥ នាក់ នៅក្នុងតំបន់កសិកម្មមួយកន្លែង។