ការវាយប្រហារពីយោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០នាក់ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ខណៈកងកម្លាំងអ៊ីស្រាអែល បានបង្កើនការឡោមព័ន្ធរបស់ពួកគេនៅជុំវិញទីក្រុង ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងនៃដែនដីហ៊ុមព័ទ្ធនេះកាលពីថ្ងៃអង្គារ (១៥ តុលា) ស្របពេលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងយុទ្ធជនដែលដឹកនាំដោយក្រុមហាម៉ាស។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅជិតតំបន់ អាល់-ហ្វាលូចា (Al-Falouja) ក្នុងក្រុង Jabalia ដែលជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រធំបំផុតទាំង៨ របស់ហ្កាហ្សា ខណៈអ្នកផ្សេងទៀតត្រូវបានសម្លាប់នៅភាគខាងកើតក្រុង ខាន់យូនីស (Khan Younis) នៅជាយក្រុងសាប្រា (Sabra) នៃទីក្រុងហ្កាហ្សា និងនៅជំរំ នូសៃរ៉ាត់ (Nuseirat) ក្នុងភាគកណ្តាលហ្កាហ្សា។

ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា វេជ្ជបណ្ឌិតម្នាក់ត្រូវបានសម្លាប់ ក្នុងពេលព្យាយាមជួយអ្នករបួសពីការវាយប្រហាររបស់អ៊ីស្រាអែលនៅជំរំ Jabalia។ ក្រសួងបន្ថែមថា គ្រូពេទ្យបឋមសង្គ្រោះជាច្រើននាក់បានរងរបួស នៅពេលរថយន្តគិលានសង្គ្រោះដែលពួកគេជិះ បានរងការបាញ់ប្រហារពីអ៊ីស្រាអែល នៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្កាហ្សា។
ក្រុង Jabalia គឺជាតំបន់ផ្តោតសំខាន់នៃការវាយលុករបស់អ៊ីស្រាអែល អស់រយៈពេលជាង ១០ថ្ងៃមកហើយ ដោយកងទ័ពត្រឡប់ទៅតំបន់ភាគខាងជើងដែលធ្លាប់ស្ថិតក្រោមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានៅដើមសង្រ្គាម។ ប្រតិបត្តិការសឹកនេះបានបង្កក្ដីបារម្ភក្នុងចំណោមប្រជាជនប៉ាឡេស្ទីន និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលថា អ៊ីស្រា
អែលចង់បោសសម្អាតអ្នកស្រុកពីភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធដែលប្រជាជនយ៉ាងក្រាស់ក្រែលនេះ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ៕