កម្ពុជានាំចេញអង្ករ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៤៤ ម៉ឺនតោន គិតជាទឹកប្រាក់មាន ចំនួនជាង ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចបន្តួច។
ទាក់ទិននិងការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៤៤ ម៉ឺនតោន តាមរយៈនៃការនាំចេញអង្ករ ចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់ប្រទេសគោលដៅសំខាន់ចំនួន ៦៥ ដែលក្នុងនោះការនាំចេញទៅបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណ អង្ករចំនួនជាង ២២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១៨៦ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ជាង ៨១ ពាន់តោន មានទឹកប្រាក់ជាង ៥២ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកការនាំចេញប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេស រួមទាំងទីម័រខាងកើត មានបរិមាណសរុបជាង ៨៦ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២ លានដុល្លារសហរដ្ឋអាមេរិក, ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅកាន់គោលដៅ ២៩ ប្រទេសផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡែនជាដើម គិតជាបរិមាណសរុបមានចំនួនជិត ៥០ ពាន់តោន មានទឹកប្រាក់ជាង ៤៣ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករដែលបាននាំចេញមាន៖ អង្ករក្រអូបចំនួន ៧២ ភាគរយ ប្រភេទអង្ករស ធម្មតាជាង ២២ ភាគរយ អង្ករចំហ៊ុយជាង ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀត។
ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ៩ ខែ នេះដែរ កម្ពុជាបាននាំចេញស្រូវ ជាប្រភេទស្រូវសើម មានបរិមាណ សរុបជាង ៣,៣ លានតោន គិតជាទឹកប្រាក់ប៉ាន់ស្មាន មានចំនួនប្រមាណជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កន្លងមកនេះ បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម, កម្ពុជាបាននាំ ចេញអង្ករមានបរិមាណសរុបជាង ៤៥ ម៉ឺនតោន ទៅកាន់ប្រទេសគោលដៅចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៣៩៤ លាន ដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

