តាកែវ ៖ ក្រុមអាជីវករផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ ចំនួនជាង២០០នាក់ ដែលតូបលក់ដូរពួកគាត ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ។
ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ពាំនាំនូវ បណ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសំដែងការសោកស្ដាយពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អាជីវរកទាំងអស់ ដែលរងគ្រោះដោយសារតែអគ្គិភ័យឆេះតូប លក់ដូរ ហើយគ្រាន់តែទទួលបានដំណឹងដ៏ក្រៀមក្រំនេះភ្លាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់ សាខាកាកបាទក្រហមខេត្តតាកែវ ឲ្យចុះសួរសុខទុក្ខ និងរៀបចំអំណោយយកមកចែកជូនជនរងគ្រោះឲ្យ បានទាន់ពេលវេលា។
ឯកឧត្តម បានមានប្រសាសន៍បន្តថា អំណោយទាំងអស់នេះ វាជាមិនស្មើនឹងទំហំនៃការបាត់បង់ ទ្រព្យសម្បត្តិនោះទេ ប៉ុន្តែវាជាការជួយគ្នាក្នុងគ្រាលំបាកបានមួយគ្រា ព្រោះទីណាមានមានទុក្ខលំបាក ទី នោះតែងតែមានមន្ត្រីកាកបាទក្រហមចុះទៅជួយជាប់ជានិច្ច មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ឯកោ ឬអស់ សង្ឃឹមដោយសារតែមានបញ្ហាកើតឡើងនោះទេ។
ឯកឧត្តម អ៊ូច ភា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ ក្នុងការប្រឹងប្រែងគ្រប់បែបយ៉ាង ដោយជួយរៀបចំជួសជុល និងសាងសង់ដំបូលផ្សារ ដើម្បីធ្វើយ៉ាងណាឲ្យអាជីវករ អាចប្រកបរបរចិញ្ចឹមជីវិតបានឆាប់រហ័ស៕



