ប្រភពសន្តិសុខ និងក្រុមអ្នកវិភាគបាននិយាយថា កងទ័ពអ៊ីស្រាអែល បាននឹងកំពុងបោសសម្អាតគ្រាប់មីន និងបង្កើតរបាំងការពារថ្មីនៅតាមព្រំដែនរវាងតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ដែលខ្លួនកាន់កាប់ និងតំបន់គ្មានយោធាជាប់ព្រំដែនស៊ីរី នៅក្នុងសញ្ញាមួយដែលថាអ៊ីស្រាអែល អាចពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា ក្នុងពេលដែលពង្រឹងការការពារ។

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា សកម្មភាពនោះបង្ហាញថា អ៊ីស្រាអែល អាចកំពុងគិតចង់វាយប្រហារលើក្រុមហេសបូឡា ជាលើកដំបូងពីចុងបូព៌ាតាមបណ្តោយព្រំដែនលីបង់ ក្នុងពេលដំណាលគ្នានេះក៏បង្កើតតំបន់សុវត្ថិភាពដែលអាចឃ្លាំមើលក្រុមប្រដាប់អាវុធនេះដោយសេរី និងការពារការជ្រៀតចូល ដោយបង្ហើបថាអ៊ីស្រាអែល ប្រហែលជាត្រៀមឡោមព័ទ្ធស្លាបខាងកើតរបស់ក្រុមហេសបូឡា។

ខណៈពេលដែលសកម្មភាពដោះមីននោះត្រូវបានរាយការណ៍ ប្រភពពីស៊ីរី មន្ត្រីសន្តិសុខលីបង់ និងមន្ត្រីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានបង្ហាញព័ត៌មានលម្អិតដែលមិនបានរាយការណ៍ថា អ៊ីស្រាអែលកំពុងរុះរើរបងខណ្ឌចែកតំបន់គ្មានយោធា ឆ្ពោះទៅកាន់ភាគីស៊ីរី និងកំពុងជីកកំពែងការពារបន្ថែមទៀតនៅក្នុងតំបន់នោះ។

សកម្មភាពយោធាណាមួយ ដែលពាក់ព័ន្ធនឹងការវាយឆ្មក់ចេញពីតំបន់ Golan កាន់កាប់ដោយអ៊ីស្រាអែល និងប្រហែលជាអាចចេញពីតំបន់គ្មានយោធាដែលខណ្ឌចែកពីទឹកដីស៊ីរី អាចពង្រីកជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា រួមទាំងក្រុមហាម៉ាស ដែលបានអូសទាញអ៊ីរ៉ង់រួចទៅហើយ ហើយប្រថុយនឹងការអូសទាញសហរដ្ឋអាមេរិកផងដែរ៕