ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធ (១៦ តុលា) នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ភាពជាដៃគូដ៏ជោគជ័យរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បីក្លាយជាអ្នកផ្តល់លទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ឱ្យគ្នាទៅវិញទៅមក ជាជាងការរារាំងគ្នា។

សារព័ត៌មាន CCTV រាយការណ៍ថា លោក Xi បានលើកឡើងនៅក្នុងលិខិតមួយទៅកាន់ពិធីជប់លៀងពានរង្វាន់ប្រចាំឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ថា “ប្រទេសចិន មានឆន្ទៈធ្វើជាដៃគូ និងជាមិត្តជាមួយសហរដ្ឋអាមេរិក។ នេះនឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល”។

លោក Xi បានចង្អុលបង្ហាញថា ទំនាក់ទំនងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក ដែលមានឥទ្ធិពលលើអនាគត និងជោគវាសនារបស់មនុស្សជាតិ នេះបើយោងតាមលិខិតនោះ។

គួរបញ្ជាក់ថា អាមរិក និងចិន មានភាពរកាំរកូសជុំវិញកង្វល់សន្តិសុខជាតិ ជម្លោះពាណិជ្ជកម្មដែលកំពុងបន្ត ក៏ដូចជាសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងការបង្កើនសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ ទំនាក់ទំនងពាណិជ្ជកម្មរបស់ភាគីទាំងពីរមានភាពជូរចត់ខ្លាំងកាលពីឆ្នាំមុន ដោយផ្តោតលើបញ្ហាជាច្រើនរួមទាំងការរឹតបន្តឹងលើយានយន្តអគ្គិសនី និងឧបករណ៍បន្ទះឈីបពាក់កណ្ដាលចម្លងដ៏ទំនើបជាដើម៕