មេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មីរបស់ប្រទេសកាណាដា លោក Jagmeet Singh កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើអ្នកការទូតឥណ្ឌា និងបម្រាមលើក្រុម RSS ជាក្រុមជាតិនិយមហិណ្ឌូ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺនជុំវិញឃាតកម្មលើមេដឹកនាំសាសនាស៊ីក លោក Hardeep Singh Nijjar នៅលើទឹកដី កាណាដា។

ប្រទេសឥណ្ឌា និងកាណាដា បានបណ្តេញអ្នកការទូតទៅវិញទៅមកចំនួន៦នាក់ដូចគ្នា ជាចំណាត់ការសងសឹក បន្ទាប់ពីទីក្រុង Ottawa បានចោទប្រកាន់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាថា មានជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក កាលពីឆ្នាំ២០២៣។

ប្រទេសឥណ្ឌា បានបដិសេធការចោទប្រកាន់នេះ ដោយបានចាត់ទុកថាវាជាផ្នែកនៃ «របៀបវារៈនយោបាយ» របស់នាយករដ្ឋមន្ត្រី លោក Justin Trudeau។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពតានតឹងចាប់តាំងពីឆ្នាំមុន នៅពេលដែលលោក Trudeau បាននិយាយថា លោកមានភស្តុតាងដែលភ្ជាប់ការជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌា ទៅនឹងឃាតកម្ម។