សហរដ្ឋអាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះឱ្យបញ្ឈប់សកម្មភាពដែលនឹងបង្កើនហានិភ័យនៃជម្លោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបំផ្ទុះផ្លូវតភ្ជាប់ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលធ្លាប់ត្រូវបានគេមើលឃើញថាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកម៉ាត់ស៊ូ មីល័រ ( Matthew Miller) បានអំពាវនាវបែបនេះ ដោយបានរម្លឹកឡើងវិញនូវការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យទីក្រុងព្យុងយ៉ាង វិលត្រឡប់មករកផ្នែកការទូតវិញ។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក កំពុងតាមដានស្ថានការណ៍នៅកូរ៉េខាងជើងដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនៃសាធារណរដ្ឋកូរ៉េរបស់យើង។
លោកបានបន្ថែមថា យើងបន្តជំរុញឱ្យកូរ៉េខាងជើងកាត់បន្ថយភាពតានតឹង និងបញ្ឈប់សកម្មភាពណាមួយដែលនឹងបង្កើនហានិភ័យនៃជម្លោះ ហើយយើងលើកទឹកចិត្តឱ្យកូរ៉េខាងជើងត្រលប់ទៅការសន្ទនា និងការទូតវិញ ។

កូរ៉េខាងជើង បានបំផ្ទុះនៅតំបន់ក្បែរបន្ទាត់ព្រំដែនយោធាខណ្ឌចែកបងប្អូនកូរ៉េទាំងពីរកាលពីថ្ងៃអង្គារសប្ដាហ៍នេះម៉ោងនៅកូរ៉េ បន្ទាប់ពីយោធារបស់ខ្លួនបានប្រកាសផែនការកាលពីសប្តាហ៍មុនដើម្បីកាត់ផ្ដាច់ទឹកដីរបស់ខ្លួនទាំងស្រុងពីកូរ៉េខាងត្បូងក្នុងការបង្ហាញមួយផ្សេងទៀតនៃសត្រូវដ៏ជូរចត់របស់ខ្លួនចំពោះកូរ៉េខាងត្បូង ដែលខ្លួនហៅថាសត្រូវធំបំផុត៕