គ្រឿងបង្គំដំបូងនៃប្រព័ន្ធប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា ថាអាដ(THAAD) បានទៅដល់ប្រទេសអ៊ីស្រាអែល រួមជាមួយបុគ្គលិកយោធារបស់ខ្លួន។ ការដឹកជញ្ជូននេះ ធ្វើឡើងខណៈ ភាពតានតឹងកើនឡើង ជុំវិញការវាយប្រហាររបស់យោធាអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយថា «ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងផ្នែកមួយនៃការកែតម្រូវដ៏ទូលំទូលាយដែលយោធាសហរដ្ឋអាមេរិក បានធ្វើក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់អ៊ីស្រាអែល និងការពារប្រជាជនអាមេរិក ពីការវាយប្រហារដោយអ៊ីរ៉ង់ និងកងជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់។

មន្ទីរបញ្ចកោណ និយាយថា ខ្លួននឹងបញ្ជូនគ្រឿងបង្គំប្រព័ន្ធប្រឆាំងមីស៊ីល ថាអាដ(THAAD) និងបុគ្គលិកបន្ថែមទៀត ហើយប្រព័ន្ធនេះនឹងដាក់ឲ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។
THAAD ជាពាក្យកាត់មកពីពាក្យថាប្រព័ន្ធការពារទីតាំងរយៈកម្ពស់ខ្ពស់ដ៏ជាក់លាក់ គឺជាប្រព័ន្ធដែលបាញ់បំផ្លាញមីស៊ីល ដោយបុកជាមួយវា។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានផ្តល់ដំណឹងដល់ប្រធានាធិបតីអាមេរិក លោក Joe Biden អំពីការវាយប្រហារដែលនឹងកើតឡើងនៅមូលដ្ឋានយោធារបស់ប្រទេសអ៊ីរ៉ង់។
លោក Netanyahu ធ្លាប់បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់មកលើប្រទេសរបស់លោក កាលពីថ្ងៃទី១ ខែតុលា ខណៈអ៊ីរ៉ង់បានព្រមានថា ប្រសិនបើអ៊ីស្រាអែលដើរតាមផែនការ នោះខ្លួននឹងវាយប្រហារបកវិញ។