សាក្សីរបស់សារព័ត៌មានរ៉យទ័រ បានប្រាប់ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានធ្វើឱ្យកក្រើកតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់លីបង់ នៅព្រឹកថ្ងៃពុធ (១៦ តុលា) នេះ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថាខ្លួនប្រឆាំងនឹងវិសាលភាពនៃប្រតិបត្តិការតាមច្រកអាកាសរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងនេះ ខណៈចំនួនអ្នកស្លាប់ឡើងដល់ ២.៣៥០នាក់ កាលពីថ្ងៃអង្គារ ដែលនេះបង្ហាញពីការមិនអើពើរបស់អ៊ីស្រាអែល លើសម្ព័ន្ធមិត្តរបស់ខ្លួន។

ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីបញ្ជាជម្លៀសដោយយោធាអ៊ីស្រាអែល សម្រាប់អគារមួយនៅក្នុងតំបន់នោះ។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា បញ្ជាជម្លៀសយោធារបស់អ៊ីស្រាអែល កំពុងប៉ះពាល់ដល់ផ្នែកជាងមួយភាគបួនរបស់លីបង់ផងដែរ ពីរសប្តាហ៍បន្ទាប់ពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកចូលភាគខាងត្បូងនៃប្រទេស ដែលខ្លួននិយាយថាមានគោលបំណងវាយរុញពួកហេសបូឡា។

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់លីបង់ លោក ណាជីប មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីអាមេរិក បានផ្ដាល់ “ការធានា” ដែលថាអ៊ីស្រាអែល នឹងបញ្ឈប់ការវាយប្រហារលើទីក្រុងបេរូត និងជាយក្រុងភាគខាងត្បូងរបស់ខ្លួនទៀតហើយ។
កាលពីថ្ងៃអង្គារដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានសម្តែងក្ដីបារម្ភរបស់ខ្លួនដល់រដ្ឋបាលអ៊ីស្រាអែល លើការវាយប្រហារនាពេលថ្មីៗនេះ ព្រមទាំងវិសាលភាពនៃយុទ្ធនាការទម្លាក់គ្រាប់បែក ដោយប្រកាន់យកនូវជំហរយ៉ាងម៉ឺងម៉ាត់ជាងពេលកន្លងមក៕