អាជ្ញាធរតំបន់បានរាយការណ៍ កាលពីថ្ងៃអង្គារថា អភិបាលក្រុង Candelaria Loxicha នៅភាគនិរតីប្រទេសម៉ិកស៊ិក ត្រូវបានគេវាយប្រហារនៅខាងក្រៅលំនៅឋានរបស់លោក ហើយបន្ទាប់មកបានស្លាប់ភ្លាមៗ។

ឧបទ្ទវហេតុនេះ គឺជាឃាតកម្មលើកទីពីរលើអភិបាលក្រុងក្នុងប្រទេសម៉ិកស៊ិក នៅខែតុលានេះ។
សហគមន៍ក្នុងតំបន់ បានកាន់ទុក្ខចំពោះការបាត់បង់ លោក Bohorquez ដោយបានលើកសរសើរលោកចំពោះការធ្វើរីកចម្រើនយ៉ាងសំខាន់សម្រាប់ទីក្រុង ក្នុងអំឡុងពេលលោកកាន់តំណែងជាអភិបាលក្រុង។
អភិបាលរដ្ឋ Oaxaca លោក Salomon Jara Cruz បានប្រកាសថា ការិយាល័យរដ្ឋអាជ្ញា កំពុងស៊ើបអង្កេតពីឧក្រិដ្ឋកម្មនេះ និងបាននិយាយថា វានឹងត្រូវតែបានផ្តន្ទាទោស។

កាលពីដើមខែតុលា អភិបាលក្រុង Chilpancingo រដ្ឋធានី នៃរដ្ឋ Guerrero ជារដ្ឋញាំញីដោយអំពើហិង្សានៅប្រទេសម៉ិកស៊ិក ត្រូវបានសម្លាប់ បន្ទាប់ពីបានចូលកាន់តំណែងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) ប្រធានាធិបតីដែលទើបចូលកាន់តំណែងថ្មីរបស់ប្រទេសម៉ិកស៊ិក បានសន្យាថានឹងដោះស្រាយអំពើហិង្សាដែលកើនឡើងជាមួយនឹងយុទ្ធសាស្ត្រសន្តិសុខ ក្នុងគោលបំណងការប្រយុទ្ធប្រឆាំងជាមួយពិសេសឧក្រិដ្ឋកម្មហិង្សា។