បាល់ទាត់៖ ក្រុមសូលទីឡូអង្គរនៅសល់ឱកាសការពារកៅអីលីគកំពូលកម្ពុជាឆ្នាំ២០២២ តិចបំផុតបន្ទាប់ពីប្រកួតស្មើក្រុមអាស៊ីអឺរ៉ុបដោយលទ្ធផល ០-០ ក្នុងជំនួបសប្ដាហ៍ទី១៨ នៅកីឡដ្ឋាន SRU ខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១០ ខែតុលាម្សិលមិញ។

ជំនួបដ៏សំខាន់នេះ ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរបានព្យាយាមវាយសម្រុកខ្លាំងលើអាស៊ីអឺរ៉ុបដើម្បីដណ្ដើម ៣ពិន្ទុធ្វើជាដើមទុកឆ្ពោះទៅរកការប្រកួតកាត់សេចក្ដីជាមួយខេត្តព្រៃវែង តែយ៉ាងពួកគេធ្វើមិនបានសម្រេចឡើយ ស្របពេលក្រុមភ្ញៀវអាស៊ីអឺរ៉ុបក៏មិនអាចស្វែងរកគ្រាប់បាល់បានដូចគ្នា មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ០-០។ ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះបានធ្វើឲ្យក្លិបរបស់លោក Keisuke Honda នៅសល់ឱកាសតិចបំផុតដើម្បីការពារកៅអីលីគកំពូលរដូវកាលក្រោយ ដោយបច្ចុប្បន្នពួកគេកំពុងឈរបាតតារាងមាន ៧ពិន្ទុតាមពីក្រោយខេត្តព្រៃវែង ៣ពិន្ទុ។ ប៉ុន្ដែដោយជើងទី១ ព្រៃវែងបានយកឈ្នះសូលទីឡូអង្គរដល់ទៅ ៦-០ ដូច្នេះជំនួបជើងទី២ នាពេលខាងមុខ សូលទីឡូអង្គរត្រូវការឈ្នះព្រៃវែងវិញយ៉ាងហោច ៧-០ ទើបពួកគេមានសង្ឃឹមរក្សាកៅអីលីគកំពូលបន្ដទៀតបាន។
ដោយឡែកក្រុមអាស៊ីអឺរ៉ុបវិញបានបញ្ចប់បេសកកម្មក្នុងរដូវកាលឆ្នាំ២០២១ នេះហើយដោយឈរចំណាត់ថ្នាក់លេខ១០ និងមាន ១៤ពិន្ទុ ស្មើក្រុមឈរលេខ៩ នគរបាលជាតិ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៦លើកឈ្នះ ៤ ស្មើ ២ និងចាញ់ ១០។ ដូច្នេះសម្រាប់បេក្ខភាព ៥ក្រុមបាតតារាងគឺនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះរវាងខេត្តព្រៃវែង និងក្រុមសូលទីឡូអង្គរ។ រីឯការប្រកួត Top-8 នៅមិនទាន់ដឹងពីកាលបរិច្ឆេទប្រកួតនោះទេ ដ្បិតក្រុមជម្រើសជាតិកម្ពុជាកំពុងបំពេញបេសកកម្មប្រកួតនៅក្រៅប្រទេសនៅឡើយ៕
អត្ថបទ៖ លី ឈុនឡា