បុគ្គលិករោងចក្ររបស់ក្រុមហ៊ុន ប៊ូអ៊ីង (Boeing) បានប្រមូលផ្តុំគ្នាធ្វើកូដកម្មដ៏ធំមួយនៅទីក្រុង ស៊ីអាថល (Seattle) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៥ តុលា) ដើម្បីទាមទារកិច្ចព្រមព្រៀងប្រាក់ឈ្នួលកាន់តែប្រសើរជាងមុន ដោយបានបង្កើនសម្ពាធលើនាយកប្រតិបត្តិ (CEO) ថ្មីគឺលោក ឃែលី អតប៊ឺក (Kelly Ortberg) ដើម្បីបញ្ចប់កូដកម្មដ៏ជូរចត់ ដែលឈានចូលខែទី២ និងបានធ្វើឱ្យក្រុមហ៊ុនផលិតយន្តហោះធ្លាក់មួយនេះធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុកាន់តែជ្រៅ។

កម្មករដែលកំពុងធ្វើកូដកម្មរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅសាលធំនៅឯទីស្នាក់ការកណ្តាលសហជីពរបស់ពួកគេ ដោយស្រែកទាមទារ “ប្រាក់សោធននិវត្តន៍!” ខណៈកម្មកររោងចក្របានប្រាប់សារព័ត៌មានរ៉យទ័រថា ការកាត់បន្ថយការងារ ១៧.០០០មុខតំណែង ដែលត្រូវបានប្រកាសដោយក្រុមហ៊ុននាពេលថ្មីៗនេះ នឹងមិនរារាំងពួកគេពីការបន្តទាមទារប្រាក់ឈ្នួលខ្ពស់ និងប្រាក់សោធននិវត្តន៍ដែលប្រសើរឡើងនោះឡើយ។

មន្រ្តីរដ្ឋាភិបាល បានបន្ថែមសម្ពាធលើក្រុមហ៊ុន Boeing ដោយអំពាវនាវឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។

គួរបញ្ជាក់ថា កម្មករ Boeing ប្រហែល ៣៣.០០០នាក់ មកពីសហជីព ដែលភាគច្រើននៅក្នុងរដ្ឋវ៉ាស៊ីនតោន បានធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា មក ដោយទាមទារការដំឡើងប្រាក់ឈ្នួល ៤០% ក្នុងរយៈពេល ៤ឆ្នាំ ដែលបានប៉ះពាល់ដល់ផលិតកម្មជាច្រើនរបស់ក្រុមហ៊ុនផលិតយន្តហោះមួយនេះ៕