ស្នងការថាមពលសហភាពអឺរ៉ុប (EU) លោកស្រី Kadri Simson បានប្រកាសថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធភាពនៃការគ្មានឧស្ម័នរុស្ស៊ីដែលហូរកាត់អ៊ុយក្រែន នៅពេលដែលកិច្ចព្រមព្រៀងបង្ហូរឆ្លងកាត់បច្ចុប្បន្ន ផុតកំណត់ នៅចុងឆ្នាំនេះ។

លោកស្រី Simson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបថា៖«អឺរ៉ុបកណ្តាល និងភាគអាគ្នេយ៍ បានបង្កើនជម្រើសផ្គត់ផ្គង់របស់ពួកគេ ដើម្បីជំនួសទាំងស្រុងនូវឧស្ម័នរុស្ស៊ីចំនួន ១៤ពាន់លានម៉ែត្រគូប ដែលនៅតែឆ្លងកាត់ប្រទេសអ៊ុយក្រែន»។
លោកស្រី បានគូសបញ្ជាក់ថា ស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ទាំងថ្មី និងចាស់ មានសមត្ថភាពគ្រប់គ្រាន់ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនចាំបាច់ នៅដំណើរការធម្មតា ហើយផ្លូវផ្គត់ផ្គង់ជំនួសជាច្រើន អាចរកបានសម្រាប់ការនាំចូលឧស្ម័នធម្មជាតិរាវ ( LNG) និងបំពង់បង្ហូរប្រេង។
កិច្ចព្រមព្រៀងឆ្លងកាត់រវាងអ៊ុយក្រែននិងរុស្ស៊ីដែលអនុញ្ញាតឲ្យឧស្ម័នរុស្ស៊ី ហូរកាត់អ៊ុយក្រែន នឹងផុតកំណត់ ក្នុងខែធ្នូ។ ចាប់តាំងពីឆ្នាំ ២០២២ សហភាពអឺរ៉ុប បាននិងកំពុងកាត់បន្ថយ និងបញ្ឈប់ការនាំចូលឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ីយ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយ។
នៅក្នុងខែមិថុនា ឆ្នាំនេះ ក្នុងចំណោមវិធានការផ្សេងទៀត ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុម័តកញ្ចប់ទណ្ឌកម្មទី១៤ ប្រឆាំងនឹងរុស្ស៊ី ដែលរួមបញ្ចូលទាំងការហាមឃាត់លើសេវាផ្ទុកបន្ថែមសម្រាប់ឧស្ម័នធម្មជាតិរាវ( LNG) របស់រុស្ស៊ី នៅក្នុងទឹកដីសហភាពអឺរ៉ុបសម្រាប់ការដឹកជញ្ជូន ទៅកាន់ប្រទេសទី៣។