អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អានឌ្រី រ៉ូដិនកូ ( Andrey Rudenko) បាននិយាយថា ប្រទេសរុស្ស៊ី នឹងផ្តល់ជំនួយយោធាដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ ត្រូវរងការវាយប្រហារ ដូចដែលបានកំណត់ដោយសន្ធិសញ្ញាមួយរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។

លោកបានឆ្លើយសំណួរមួយពីសារព័ត៌មានTASSថា៖«ប្រសិនបើសកម្មភាពឈ្លានពានមួយ ត្រូវបានប្រព្រឹត្តប្រឆាំងនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ វិធានការចាំបាច់ទាំងអស់ នឹងត្រូវធ្វើឡើងស្របតាមច្បាប់របស់រុស្ស៊ី និងកូរ៉េខាងជើង»។
លោក រ៉ូដិនកូ បាននិយាយថា ខចែងពីការទទួលខុសត្រូវចំពោះផលប៉ះពាល់នោះ មាននៅក្នុងសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលត្រូវបានដាក់ជូនសភារុស្ស៊ី ដើម្បីផ្តល់សច្ចាប័ន មួយថ្ងៃមុននេះ។

លោកបានថ្លែងថា៖«សន្ធិសញ្ញានិយាយលក្ខខណ្ឌទាំងអស់មាននៅក្នុង មាត្រា ៣ មាត្រា ៤។ សន្ធិសញ្ញាត្រូវបានចុះហត្ថលេខា ដូច្នេះវាត្រូវបានគេដឹងឮជាសាធារណៈ។ «សន្និសញ្ញានេះ មានមាត្រា៤ដែលនិយាយយ៉ាងជាក់លាក់អំពីបញ្ហាជំនួយទៅវិញទៅមក ក្នុងករណីមានការឈ្លានពានថា ភាគីក្នុងករណីមានការឈ្លានពានពីភាគីម្ខាង នឹងផ្តល់ជំនួយដល់គ្នាទៅវិញទៅមក នូវជំនួយចាំបាច់ណាមួយ រួមទាំងជំនួយផ្នែកយោធា»។
មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានដាក់សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងកូរ៉េខាងជើង ទៅកាន់សភា ដើម្បីផ្តល់សច្ចាប័ន។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា នៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។