ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅទីក្រុងតេអេរ៉ង់លោក យូឡា ប៉េថូ (Gyula Petho) ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុបប្រឆាំងនឹងបុគ្គល និងអង្គភាពមួយចំនួនរបស់អ៊ីរ៉ង់។
បេសកជនហុងគ្រី ដែលបច្ចុប្បន្នប្រទេសនេះកាន់តំណែងជាប្រធានប្តូរវេនរយៈពេល ៦ខែរបស់សហភាពអឺរ៉ុប ត្រូវបានកោះអញ្ជើញ ដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ាជីដ ថាករ៉ាវ៉ាន់ជី (Majid Takht-Ravanchi)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសកាលពីថ្ងៃអង្គារ។
ក្នុងជំនួបនោះ មន្ត្រីអ៊ីរ៉ង់ បានតវ៉ាយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដែលបានប្រកាសកាលពីថ្ងៃចន្ទ ក្នុងការដាក់ទណ្ឌកម្មលើបុគ្គលអ៊ីរ៉ង់ចំនួន ៧រូប និងអង្គភាពចំនួន ៧ ជុំវិញការបញ្ជូនមី ស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់ទៅប្រទេសរុស្ស៊ី ដោយកត់សម្គាល់ថា ការបែរទៅរក «វិធីសាស្រ្តខុសច្បាប់ និងបង្ខិតបង្ខំ»ដូចជាទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនអាចទទួលយកបានឡើយ ហើយនឹងមិនបានទទួលផលប្រយោជន៍អ្វីឡើយ។
លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិរបស់អ៊ីរ៉ង់ជាមួយរដ្ឋផ្សេងទៀត គឺ «ស្របច្បាប់ និងដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ប្រទេសនេះ»។
លោក ថាករ៉ាវ៉ាន់ជី បាននិយាយថា ចំណាត់ការរបស់សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចំនួន ៤ គឺជា «ការរំលោភយ៉ាងច្បាស់លើគោលការណ៍ និងបទប្បញ្ញត្តិច្បាប់អន្តរជាតិ ជាពិសេសសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ហើយផ្ទុយទៅនឹងការទាមទារសិទ្ធិមនុស្សរបស់ប្លុកនេះ» ។