រដ្ឋាភិបាលអេស្ប៉ាញកាលពីថ្ងៃអង្គារ បានសម្តែងការជំទាស់របស់ខ្លួនចំពោះគំនិតនៃការផ្ទេរជនអន្តោប្រវេសន៍ទៅកាន់មជ្ឈមណ្ឌលដំណើរការសិទ្ធិជ្រកកោន ដែលមានទីតាំងនៅខាងក្រៅសហភាពអឺរ៉ុប (EU)។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Pilar Alegria បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីថា ៖«ប្រទេសអេស្ប៉ាញ បានបញ្ជាក់ពីជំហររបស់ខ្លួនប្រឆាំងនឹងការពិចារណាការបើកមជ្ឈមណ្ឌលបែបនេះនៅក្នុងប្រទេសទី៣»។
កាលពីថ្ងៃចន្ទ ប្រទេសអ៊ីតាលី បានចាប់ផ្តើមការផ្ទេរជនអន្តោប្រវេសន៍ទៅកាន់មជ្ឈមណ្ឌលជនភៀសខ្លួនចំនួនពីរ នៅក្នុងប្រទេសអាល់បានី ដោយនេះជាលើកទី១ហើយ ដែលប្រទេសសហភាពអឺរ៉ុបបានដំណើរការមជ្ឈមណ្ឌលជនអន្តោប្រវេសន៍នៅខាងក្រៅប្លុកដែលមានប្រទេសចំនួន ២៧នេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ជនអន្តោប្រវេសន៍ នឹងឆ្លងកាត់នីតិវិធីកំណត់អត្តសញ្ញាណ និងបន្តនៅមណ្ឌលរហូតដល់អាជ្ញាធរអ៊ីតាលីដំណើរការសំណើសុំសិទ្ធិជ្រកកោនរបស់ពួកគេ។
លោកស្រី Alegria បានសង្កត់ធ្ងន់ថា អេស្ប៉ាញនឹងបន្តតស៊ូមតិសម្រាប់ការអនុវត្តមនុស្សធម៌ និងការគាំទ្រនៃកិច្ចព្រមព្រៀងការធ្វើទេសន្តរប្រវេសន៍ និងសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប។ លោកស្រី បានបន្ថែមថា ប្រទេសនេះ មានគោលបំណងលើកកម្ពស់បណ្តាញការទេសន្តរប្រវេសន៍ជាប្រចាំ និងប្រកបដោយសុវត្ថិភាព ហើយនឹងសហការជាមួយប្រទេសដើមកំណើត និងប្រទេសដែលត្រូវឆ្លងកាត់។
នៅចន្លោះខែមករា និងខែកញ្ញា ឆ្នាំ ២០២៤ ជនអន្តោប្រវេសន៍ចំនួន ៤២.២៣១នាក់ បានមកដល់ប្រទេសអេស្ប៉ាញ កើនឡើង ៥៩,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងមហាផ្ទៃអេស្ប៉ាញ។