អ្នកនាំពាក្យរងនៃក្រសួងការពារជាតិអាមេរិកអ្នកស្រី Sabrina Singh បានជំរុញកុំឲ្យប្រៀបធៀបការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននិងអ៊ីស្រាអែល។
នៅឯសន្និសីទសារព័ត៌មានមួយ អ្នកស្រី បានប្រាប់អ្នកយកព័ត៌មានថា ជម្លោះទាំងពីរ ទាមទារសមត្ថភាព និងវិធីសាស្រ្តផ្សេងគ្នា ហើយ «វាពិតជាមានភាពខុសគ្នានៃសង្គ្រាមទាំងពីរនេះ»។
នៅពេលសួរថាហេតុអ្វីបានជាប្រព័ន្ធការពារដែនអាកាសTHAAD របស់អាមេរិក ដែលដាក់ពង្រាយនៅក្នុងប្រទេសប៉ូឡូញ និងរូម៉ានី មិនត្រូវបានប្រើដើម្បីការពារអ៊ុយក្រែន អ្នកស្រី Singh បាននិយាយថា៖ «សមត្ថភាពខុសៗគ្នា សង្រ្គាមផ្សេងគ្នា តំបន់ខុសគ្នា និងការប្តេជ្ញាចិត្តចំពោះអ៊ីស្រាអែល និងអ៊ុយក្រែន ក៏ខុសគ្នាដែរ»។
អ្នកស្រី បានបន្ថែមថា សហរដ្ឋអាមេរិក បន្តគាំទ្រប្រទេសទាំងពីរ ដោយគិតអំពីតម្រូវការជាក់លាក់របស់ពួកគេ។
អ្នកស្រី Singh បានបញ្ជាក់ថា៖«រដ្ឋបាលនេះ ក្រសួងការពារជាតិ បន្តគាំទ្រទាំង [អ៊ីស្រាអែល និងអ៊ុយក្រែន] នៅក្នុងតម្រូវការផ្សេងគ្នា ដែលពួកគេត្រូវការ»។
មុននេះ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ប្រព័ន្ធការពារតំបន់ដែលមានរយៈកម្ពស់ខ្ពស់ (THAAD)ដែលផលិតដោយសហរដ្ឋអាមេរិក និងទាហានអាមេរិកចំនួន ១០០នាក់ ត្រូវបានបញ្ជូនទៅ អ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយកង្វល់របស់អ៊ីស្រាអែលអំពីការសងសឹកដ៏មានសក្តានុពលរបស់អ៊ីរ៉ង់ និងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងទៀត។
កាលពីថ្ងៃទី ០១ ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋជ្វីហ្វ ជាការឆ្លើយតបទៅនឹងការសម្លាប់មន្ត្រីជាន់ខ្ពស់មកពីចលនាប៉ាឡេស្ទីនហាម៉ាស ចលនាហេសបូឡា Shia ដែលមានមូលដ្ឋាននៅលីបង់ និងកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ។ ទីក្រុងតេអេរ៉ង់ បាននិយាយថា ៩០ភាគនៃមីស៊ីល បានវាយប្រហារចំគោលដៅដែលបានកំណត់របស់ពួកគេ។