មេធាវីជនជាតិហូឡង់លោក Harun Rida បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងទាហានអ៊ីស្រាអែលចំនួន ១.000នាក់ ដោយចោទប្រកាន់ថា ពួកគេ ជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ លោក Rida បានពន្យល់ថា ពាក្យបណ្តឹងនេះ ត្រូវបានដាក់ក្នុងនាមជនរងគ្រោះនៅតំបន់ហ្កាហ្សា និងតំបន់វេសបែង (West Bank) ខណៈដែលសង្រ្គាមអ៊ីស្រាអែលដែលត្រូវបានពិពណ៌នាដោយលោកថា ជាអំពើប្រល័យពូជសាសន៍ ឈានចូលដល់ឆ្នាំទី២ របស់ខ្លួនហើយនោះ។ លោកRida តំណាងឲ្យចលនាថ្ងៃទី ៣០ ខែមីនា នៅប្រទេសហូឡង់ ដែលជាអង្គការមួយដែលត្រូវបានបង្កើតឡើងដោយសកម្មជនអឺរ៉ុប ក្នុងគោលបំណងបញ្ឈប់អ្វីដែលពួកគេហៅថា អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅតំបន់ហ្កហ្សា។
ពាក្យបណ្តឹងដែលមានកម្រាស់ ៤២៨ទំព័រ ត្រូវបានគាំទ្រដោយឯកសារភ័ស្តុតាងពីអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សល្បីៗ និងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រមូលបានដោយក្រុមចលនានេះ។ ពាក្យបណ្តឹងនេះ មានឈ្មោះរបស់មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកបើកយន្តហោះ ដែលខ្លះមានសញ្ជាតិពីរទៀតផង។
លោក Rida បានសង្កត់ធ្ងន់ថា ភ័ស្តុតាងរួមមានករណីដែលទាហានអ៊ីស្រាអែលអួតជាសាធារណៈអំពីការចូលរួមរបស់ពួកគេក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងជនស៊ីវិល។ ការដាក់ពាក្យប្តឹងនេះ កើតឡើង ចំពេលដែលមានអំពើហិង្សាជាបន្តបន្ទាប់ក្នុងតំបន់ដែលមានជនស៊ីវិលស្លាប់និងរបួសលើសពី ៤២.០០០នាក់ហើយនោះ។