ប្រមុខធនាគារពិភពលោក លោក Ajay Banga កាលពីថ្ងៃអង្គារ (ទី១៥ ខែតុលា) បានព្រមានថា ការរីករាលដាលនៃសង្រ្គាម រវាងអ៊ីស្រាអែល និងតំបន់ហ្កាហ្សា អាចនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល ដោយហៅការបាត់បង់ជីវិតជនស៊ីវិល នៅក្នុងតំបន់នេះថា ជារឿង «មិនសមហេតុផល» ទាល់តែសោះ។
ដោយថ្លែងនៅក្នុងបទសម្ភាសន៍ ក្នុងកម្មវិធី NEXT Newsmaker របស់សារព័ត៌មាន Reuters លោក Banga បាននិយាយថា សង្រ្គាមបានជះឥទ្ធិពលតិចតួចលើសេដ្ឋកិច្ចពិភពលោកមកទល់ពេលនេះ ប៉ុន្តែការរីករាលដាលខ្លាំងទៅៗ នឹងប៉ះពាល់ដល់ប្រទេសផ្សេងទៀតដែលរួមចំណែកធំជាងគេដល់កំណើនសេដ្ឋកិច្ចសកល ក្នុងនោះរួមទាំងប្រទេសនាំចេញទំនិញផងដែរ។
លោក Banga បាននិយាយថា៖ «ជាដំបូង ខ្ញុំគិតថា ការបាត់បង់ជីវិតដ៏មិនគួរឲ្យជឿនេះ ទាំងស្ត្រី កុមារ អ្នកផ្សេងទៀត ជនស៊ីវិល គឺគ្រាន់តែរឿងមិនសមហេតុផលទាល់តែសោះ ពីគ្រប់ភាគីទាំងអស់។ ម្យ៉ាងវិញទៀត ការជះឥទ្ធិពលដល់សេដ្ឋកិច្ច ដោយសារសង្គ្រាមនេះ អាស្រ័យយ៉ាងខ្លាំងលើថា តើវារីករាលដាលដល់កម្រិតណា»។
លោកបានបន្ថែមថា៖ «ប្រសិនបើវារីករាលដាលក្នុងតំបន់ នោះវាក្លាយជាបញ្ហាខុសគ្នាទាំងស្រុង ពីព្រោះឥឡូវនេះ ចាប់ផ្តើមចូលទៅដល់កន្លែងដែលមានការរួមចំណែកធំជាងគេ សម្រាប់សេដ្ឋកិច្ចពិភពលោក មិនត្រឹមតែផ្នែកប្រាក់ដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ទងនឹងរ៉ែ និងលោហធាតុ និងប្រេងផងដែរ»។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួន កំពុងជំរុញឲ្យមានបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងលីបង់ ក៏ដូចជានៅតំបន់ហ្កាហ្សាផងដែរ ទោះបីជាសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តខ្លាំងបំផុតរបស់អ៊ីស្រាអែល បានបង្ហាញការគាំទ្រ និងកំពុងបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីល និងកងទ័ពទៅក៏ដោយ៕