បាល់ទាត់៖ ក្រុមនគរបាលជាតិបានប្រកួតស្មើក្រុមភ្ញៀវអគ្គិសនីកម្ពុជាដោយលទ្ធផល ២-២ ក្នុងជំនួបបញ្ចប់រដូវកាលរបស់ខ្លួននៃលីគកំពូលកម្ពុជាឆ្នាំ២០២១ នៅកីឡដ្ឋាន 7NG កាលពីល្ងាចថ្ងៃទី១០ ខែតុលាម្សិលមិញ។

ជំនួបដ៏តានតឹងនេះ អគ្គិសនីកម្ពុជាបានបើកការនាំមុខក្រុមម្ចាស់ផ្ទះម្ដងជាពីរដងដែលធ្វើសម្រេចដោយកីឡាករ សា ទី នៅនាទីទី៩ និងកីឡាករ ឈឿង វីស៊ីនុ នៅនាទី៣១ តែត្រូវបាននគរបាលជាតិវាយបកស្មើជាបន្ដបន្ទាប់ដោយកីឡាករ សំ វ៉ាន់និត នៅនាទី២៨ និងកីឡាករ មុំ សុធាវ៉ាន់ នៅនាទី៦១។ នៅចុងវគ្គទី២ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតមានការប៉ះទង្គិចត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿងជាច្រើនទៀតផង តែគ្មានក្រុមណាអាចស្វែងរកគ្រាប់បាល់បន្ថែមបាននោះទេ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតដោយរក្សាលទ្ធផលស្មើគ្នា ២-២ ធ្វើឲ្យនគរបាលជាតិមិនអាចសងសឹកក្រុមអគ្គិសនីកម្ពុជាបានឡើយ បន្ទាប់ពីរងបរាជ័យក្រៅដី ៣-២ កាលពីជើងទី១។

តែយ៉ាងណាការចែកគ្នា ១ពិន្ទុសម្រាប់ការប្រកួតចុងក្រោយនារដូវកាលឆ្នាំ២០២១ នេះបានធ្វើឲ្យក្រុមនគរបាលជាតិស្ដារលទ្ធផលបានល្អប្រសើរមកវិញ បើធៀបនឹងការប្រកួតកាលពីជើងទី១ ដោយពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ និងមាន ១៤ពិន្ទុបន្ទាប់ពីឆ្លងកាត់ ១៦ប្រកួតឈ្នះ៣ ស្មើ៥ និងចាញ់៨ ខណៈក្រុមអគ្គិសនីកម្ពុជាបានឈរចំណាត់ថ្នាក់លេខ១១ និងមាន ១៣ពិន្ទុជាមួយលទ្ធផល ១៦ប្រកួតដូចគ្នាឈ្នះ៣ ស្មើ៤ និងចាញ់ ៩ប្រកួត៕
អត្ថបទ លី ឈុនឡា, រូបភាពផ្សាយផ្ទាល់ ៕